(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងអំពីភាពខ្លាំង របស់គណបក្សប្រជាជនកម្ពុជា ដែលបានឈរជើងយ៉ាងរឹងមាំ របស់រយៈពេល៦៩ឆ្នាំ ពិសេសក្នុងរយៈពេល៤១ឆ្នាំចុងក្រោយ ក្នុងការដឹកនាំប្រទេសឆ្លងកាត់ ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន ពិសេសការសង្រ្គោះប្រជាពលរដ្ឋ ពីរបបប្រល័យពូជសាសន៍ ឲ្យរស់រានមានជីវិត ហើយនិងបន្តការពារប្រជាពលរដ្ឋ ស្វែងរកសុខសន្តិភាពជូនជាតិ និងការអភិវឌ្ឍប្រទេសនេះ គឺជាគុណតម្លៃឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា។

នៅក្នុងពិធីអបអរសាទរថ្ងៃគម្រប់ខួប៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកកំចាយមារ ខេត្តព្រៃវែង លោក ស្តើង សុខុម បានថ្លែងថា «ការសង្រោះ ការពារនិងអភិវឌ្ឍជាតិ និងប្រជាជន គឺជាគុណតម្លៃឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា» ដែលគ្មានគណបក្សណាមួយនៅកម្ពុជាធ្វើបាននោះទេ នោះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចអ្នកណាមកបំផ្លៃបានឡើយ។

លោក ស្តើង សុខុម បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មានអាយុ៦៩ឆ្នាំកន្លងមកនេះ បានស្ថិតនៅជាមួយប្រជាជន គ្រប់កាលៈទេសៈទាំងអស់, ទាំងក្នុងស្ថាន ភាពលំបាក និងសុខដុមរមនា។ គុណតម្លៃឆ្នើមរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានចារជាប្រវត្តិសាស្រ្ត និងចារនៅក្នុងបេះដូងកូនខ្មែរគ្រប់រូប ដែលមានសច្ចៈ និងយុត្តិធម៌ ។ គណបក្សបានសាងនូវស្នាដៃឯកជាប្រវត្តិសាស្រ្តយ៉ាងច្រើនពិសេស ក្នុងរយៈពេល៤១ឆ្នាំចុងក្រោយនេះ ជាពិសេសបានរំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត, ប្រជាពលរដ្ឋបានរស់រានមានជីវិត និងបានខិតខំស្វែងរកសុខសន្តិភាពជូនជាតិ នាំមកនូវការបង្រួបបង្រួម ជាតិបានស្ថារឡើងវិញ នូវសេដ្ឋកិច្ចជាតិ នាំមកនូវកិច្ចអភិវឌ្ឍន៍ប្រទេស និង ភាពសុខដុម នៅក្នុងសង្គមកម្ពុជា។

លោកប្រធានក្រុមការងារថ្នាក់កណ្តាល ចុះស្រុកកំចាយមារ បានបន្តថា ជាក់ស្តែងនៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបគ្រោះមហន្តរាយ និងប្រជាជនត្រូវបានកាប់សម្លាប់ និងបង្អត់អាហារនៅក្នុងរបបខ្មែរក្រហម សម្តេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា បានយកជីវិតធ្វើដើមទុន ដើម្បីបុព្វហេតុរំដោះជាតិ និង ប្រជាជនកម្ពុជាឲ្យរស់រានមានជីវិត និងនាំប្រទេសជាតិរិកចំរើនមកដល់ថ្ងៃនេះ ហើយបើគ្មានការធ្វើពលិកម្ម របស់សម្តេចតេជោ ហ៊ុន សែន និង ថ្នាក់ដឹកនាំគណបក្សប្រជាជន ទេក៏គ្មានអ្វីដូចថ្ងៃនេះដែរ។

ក្រោយឆ្នាំ១៩៧៩ ទោះបីប្រទេសជាតិ បានរំដោះមែន តែរបបខ្មែរក្រហម ក៏បានបំផ្លាញដល់ឬសគល់ នៃសេដ្ឋកិច្ច និង ហេដ្ឋារចនាស្ព័ន្ធសំខាន់ៗ របស់ជាតិយើងចាប់ផ្តើម ពីបាតដៃទទេពីចំណុចសូន្យ ហើយត្រូវបានគេដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាំងអយុត្តិធម៌ទៀត ពេលនោះប្រជាជនអាចស្លាប់ ដោយសារខ្វះស្បៀងអាហារ។

ក៏ប៉ុន្តែគណបក្សប្រជាជន ដែលដឹកនាំប្រទេសនៅពេលនោះបានប្រឹងប្រែងដោះស្រាយបញ្ហាស្បៀង ឲ្យប្រជាជនមានហូបគ្រប់គ្រាន់, ទប់ស្កាត់មិនឲ្យរបបប្រល័យពូជសា សន៍ត្រឡប់មកវិញ ស្ថារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើតសាលារៀន វត្តអារាម មណ្ឌលសុខភាព ផ្តល់កម្មសិទ្ធិដីធ្លីផ្ទះសម្បែងជូនដល់ប្រជាជន រហូតទទួល បានសន្តិភាព ពេញលេញមានឯក ភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យនិងអភិវឌ្ឍន៍។ នេះជាសច្ចៈធម៌ប្រវត្តិសាស្រ្ត ដែលគណបក្សប្រជជនតែងតែជាកម្លាំងស្នូលនៃការសង្រ្គោះ ការពារនិងអភិវឌ្ឍជាតិ និងប្រជាជន ។

នៅក្នុងឱកាលនោះដែរ លោក ស្តើង សុខុម ក៏បានធ្វើការក្រើនរំលឹកដល់រដ្ឋបាលស្រុកកំចារមារ អស់លោកជាមេឃុំត្រូវតែ បន្តចុះផ្សព្ធផ្សាយអប់រំប្រជាជន ឲ្យប្រកាន់ ខ្ជាប់នូវ វិធានរបស់ក្រសួងសុខាភិបាល ដោយលោកបានបញ្ជាក់ថា ដរាបណាពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង សម្រាប់ព្យាបាល និង ការពារជំងឺកូវីដ១៩ទេនោះ គឺយើងមិនត្រូវ ធ្វេសប្រហែសចំពោះមេរោគនេះទេ ព្រោះមេរោគកូវីដ១៩ នេះវាកាចសាហាវខ្លាំងណាស់ប្រសិន យើងធ្វេសប្រហែសតែបន្តិចវា និងចម្លងមកខ្លួន យើងមកគ្រួសារយើង សហ គមន៍យើងភ្លាម តាមរយៈការប្រាស្រ័យទាក់ទងគ្នា និងការប៉ះពាល់គ្នាដូចនេះត្រូវបន្តរក្សាគម្លាត ការធ្វើអនាម័យខ្លួនប្រាណ និងអនាម័យផ្ទះសម្បែង។ កន្លងមករាជរដ្ឋាភិបាល បានចាត់វិធានការប្រកបដោយជោគជ័យ ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺកូវីដ១៩ ទោះបីប្រទេសយើង មានអ្នកឆ្លងតិច និងមិនមានស្លាប់ តែយើងក៏មិនត្រូវមើលស្រាលជំងឺនេះដែរ ។

លោក ស្តើង សុខុម ក៏បានជម្រាបជូនព័ត៌មានថ្មី ពាក់ព័ន្ធនិងវិបត្តិដែលបង្កឡើងដោយជំងឺកូវីដ១៩ ដោយលោកបានលើកឡើង អំពីផលប៉ះពាល់ខាងសេដ្ឋកិច្ច ដែលបង្កឡើងដោយកូវីដ១៩ លើវិស័យមួយចំនួន ដូចជាវិស័យទេសចរណ៍, វិស័យសេវា និង រោងចក្រកាត់ដេរមួយចំនួន ដែលត្រូវព្យួរការងារនិងបិទ។ រាជរដ្ឋាភិបាន បានត្រៀមថវិកាចំនួន សម្រាប់ប្រាក់ឧបត្ថម្ភកម្មករកាត់ដេរ និងអ្នកធ្វើការក្នុងវិស័យទេសចរណ៍ ត្រូវព្យួរការងារដែលរងគ្រោះ ដោយសារជំងឺរាតត្បាតប្រភេទនេះ។

ជាមួយនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញជាផ្លូវការកម្មវិធីផ្តល់សាច់ប្រាក់ ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដែលនៅជំហានដំបូងនេះ មានប្រមាណ៥៦ម៉ឺនគ្រួសារ ហើយបើគិតជាប្រាក់មានប្រមាណ២៥លានដុល្លារ ក្នុង១ខែ។ លោកក៏បានធ្វើការបញ្ជាក់ផងដែរ ដល់ប្រជាជនឲ្យបានយល់ថា កម្មវិធីផ្តល់សាច់ប្រាក់ជូន ប្រជាជនមាន ជីវភាពក្រីក្រ និងងាយរងគ្រោះ ដោយសារជំងឺកូវីដ ១៩ មិនមែជាការចិញ្ចឹមរបស់រដ្ឋ ចំពោះប្រជាជនទេកម្មវិធីនេះ គ្រាន់តែជាការជួយឧបត្ថម្ភប្រជាជន ដែលជួបការលំបាក និងងាយរងគ្រោះដោយជំងឺកូវីដ១៩តែប៉ុណ្ណោះ។

លោក ស្តើង សុខុម បានស្នើឲ្យប្រជាជននៅស្រុកកំចាយមារ ត្រូវខិតខំធ្វើការដាំដុះដំណាំកសិកម្ម និងការចិញ្ចឹមត្រី ចិញ្ចឹមសត្វនៅលើដីកសិកម្មរបស់គ្រួសារនីមួយ ៗ ព្រោះផលិតផលកសិកម្មកំពុងមានតម្លៃខ្ពស់ ដែលអាចជួយលើស្ទួយជីវភាពរបស់បងបងប្អូនផងដែរ មិនត្រូវទុកដីទំនេរមិនធ្វើអ្វីហើយរង ចាំឲ្យរដ្ឋចិញ្ចឹមនោះទេ នេះមិនមែនជាទម្លាប់របស់ប្រជាជនខ្មែរឡើយ។ ជាមួយរាជរដ្ឋាភិបាល ក៏បានចាក់លុយប្រមាណជាង១០០លានដុល្លារ មកកាន់មូលដ្ឋានដើម្បីបង្កើតការងារ នៅជនបទដូចជាការស្សារប្រឡាយ ធ្វើផ្លូវ ដែលបងប្អូនដែល បាត់បង់ការងារនៅរាជធានីភ្នំពេញ អាចរកការងារធ្វើបានដើម្បីដោះស្រាយបញ្ហាជីវភាព។

លោក ស្តើង សុខុម បានបន្តទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ការស្ថារសេដ្ឋកិច្ចរបស់ ប្រទេសឡើងវិញ តាមរយៈការស្ថារហេដ្ឋរចនាសម្ព័ន្ធផ្លូវ ស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ គឺដើម្បីផ្តល់ជាប្រយោជន៍សម្រាប់ប្រជាជនប្រកបរបររកទទួលទាន ដែលនេះគឺជាការ បែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមធ៌មបំផុត ព្រោះសមិទ្ធិផលទាំងអស់នេះអ្នកណាក៏ប្រើបានដោយគ្មានការរើសអើង និងប្រកាន់បក្សពួកអ្វីទាំងអស់។

លោក ស្តើង សុខុម បានពន្យល់ថា មានបងប្អូនខ្លះមិនទាន់មានជីវភាពធូរធា ដូចនេះត្រូវខិតខំទាញយកប្រយោជន៍ ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលដែលមានផ្លូវ ប្រឡាយទឹក, ការបញ្ជូនកូនទៅសាលារៀន។ លោកប្រធាន បានសង្កត់ធ្ងន់នូវចំណុចនេះថា ទ្រឹស្តីរបស់អ្នកប្រាជ្ញលើកឡើងថា មនុស្សគ្រប់រូបមុន នឹងមានទ្រព្យសម្បត្តិធូរធា មានឋានៈក្នុងសង្គមគឺត្រូវ ចាប់ ផ្តើមពីការមានចំណេះដឹងដែលបានមកពីការខិតខំរៀនសូត្រ មានបញ្ញា មានគំនិតច្នៃប្រឌិត កាន់តែល្អដូចនេះកុំភ្លេចបញ្ជូនកូនទៅរៀន ។

បន្ទាប់ប្រារព្ធពិធីអបអរខួប៦៩ឆ្នាំថ្ងៃ បង្កើតគណបក្សប្រជាជនកម្ពុជារួចមក លោក ស្តើង សុខុម និងក្រុមការងារ បានបន្តដំណើរទៅកាន់មូលដ្ឋានឃុំស្មោងត្បូងដែលនៅទីនោះ ក្រុមការងារយុវជនគណបក្សស្រុកកំចាយមារ បានរៀបចំនូវអំណោយចែកជូនបងប្អូនប្រជាជន ដែលកំពុងជួបការលំបាកក្នុងជីវភាពចំនួន៣២គ្រួសារ។ អំណោយទាំងនោះ មានអង្ករ២៥គីឡូក្រាមថវិកា២ម៉ឺនរៀល មីមួយកេស និងទឹកត្រីមួយយួរមាន៦ដប។

សំណេះសំណាល ទៅកាន់បងប្អូននៅទីនោះ លោក ស្តើង សុខុម បានអរគុណចំពោះ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ស្រុកកំចារមារ ដែលបានចុះជួយប្រជាជនដែលជួបការលំបាក។ លោក ស្តើង សុខុម បានថ្លែងទៅកាន់ប្រជាជននៅទីនោះថា គណបក្សប្រជាជនកម្ពុជា មានភាពច្បាស់លាស់នៅក្នុងគោលនយោបាយដឹកនាំរបស់ខ្លួន និងនៅក្នុងបេះដូងសមាជិកសមាជីការបស់ខ្លួន គឺជួយសង្រ្គោះប្រជាជនគ្រប់កាលៈទេសៈ ពេលជួបការលំបាក ដោយមិនទុកឲ្យប្រជាជនណាម្នាក់ស្លាប់ ដោយយើងមិនបានយកចិត្តទុកដាក់ មិនបានដោះស្រាយនោះទេ ។

លោកប្រធានក្រុមការងារ ក៏បានធ្វើការបកស្រាយពន្យល់ពលរដ្ឋនៅទីនោះ ឲ្យយល់ពីការលំបាករបស់រាជរដ្ឋាភិបាល ដែលបង្កឡើងដោយជំងឺកូវីដ១៩ គឺមិនមែនតែកម្ពុជាទេ គឺពិភពលោកទាំងមូលតែម្តង។ ប្រទេសរបស់យើងក្រ ក៏ពិតមែនទោះបីយើងមិនអាចផ្តល់ការឧបត្ថម្ភដូចប្រទេសអ្នកមាន តែយើងបានដោះស្រាយ ជូនពលរដ្ឋរបស់យើងអាចរស់បានដែលកិច្ចការងារនេះ សូម្បីប្រទេសខ្លះចង់ធ្វើក៏មិនអាចធ្វើបានដែរ ដោយសារតែគ្មានថវិកា នៅក្នុងដៃតែរាជរដ្ឋាភិបាល របស់យើងមានមាយាទ មាយាទនៃការចេះសន្សំប្រាក់ ដែលរកបានពីកំណើន សេដ្ឋកិច្ចទើបយើងមានសាច់ប្រាក់ បើកផ្តល់ជូនប្រជាជនក្រីក្រ ដែលជួបការលំបាកនិងងាយរងគ្រោះនៅពេលនេះ និងកម្មករព្យួរការងារនៅក្នុងវិស័យកាត់ដេរនិងវិស័យទេសចរណ៍ ។

នៅព្រឹកថ្ងៃដដែលនោះ លោក ស្តើង សុខុម និងក្រុមការងារ ក៏បានបន្តចុះទៅពិនិត្យ មើលការសាងសង់អគារសិក្សាមួយខ្នង មាន៦បន្ទប់ និង១ការិយាល័យ ដែលជាអំណោយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកស្រី ជូនដល់បងប្អូនប្រជាជន នៅសាលាបឋមសិក្សាព្រៃគី ក្នុងឃុំស្មោងត្បូង ដែល បច្ចុប្បន្នបានសាងសង់រួចរាល់ហើយ នៅតែការបោសសំអាត។

នៅក្នុងឱកាសចុះពិនិត្យមើលអគារសិក្សានោះ លោក ស្តើង សុខុម ក៏បានផ្តល់ថវិកាបន្ថែម ដើម្បីឲ្យនាយកសាលា ធ្វើការឈូសឆាទីធ្លានៅមុខអគារ ឲ្យបានស្អាតដើម្បីសោភ័ណ្ឌភាពសាលារៀន និង អគារសិក្សាផងដែរ។

ចេញពីសាលាបឋមសិក្សាព្រៃជី លោកប្រធានក្រុមការងារ និងក្រុមការងារ ក៏បានបន្តទៅពិនិត្យមើលការកសាងស្នាក់ការគណបក្សប្រជាជនកម្ពុជា នៅឃុំស្មោងជើង ដែល កំពុងដំណើរការសាងសង់អំពីថ្មី ប្រក់ក្បឿង ដែលសម្រេចបានប្រមាណ៩០ភាគរយហើយ។

នៅទីនោះ លោកប្រធានក្រុមការងារថ្នាក់កណ្តាលចុះស្រុកកំចាយមារ បានពិនិត្យមើលគុណភាពសំណង់ និងបានណែនាំ ឲ្យអ្នកសាងសង់យកចិត្តទុកដាក់ អំពីគុណភាពសំណង់ ដោយលោកបានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ គឺឈរយ៉ាងរឹងមាំ រយៈរាប់រយឆ្នាំទៅមុខទៀត មិនមែនមួយឆ្នាំពីរឆ្នាំនោះទេ ដូចនេះសំណង់ ក៏ត្រូវរឹងមាំនិងយូរអង្វែងផងដែរ។

ក្រៅពីការងារនយោបាយ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់វិស័យអាណាចក្រ លោក ស្តើង សុខុម ក៏មិនភ្លេចពីវិស័យពុទ្ធចក្រដែរ ដោយសារនៅប៉ុន្មាន ថ្ងៃខាងមុខ ជាថ្ងៃចូលវស្សានោះ លោកក៏បាននាំយកនូវអំណាយ របស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី ទៅប្រគេនដល់វត្តចំនួន២៦ នៅក្នុងនោះ រួមមានអង្ករ៤តោន, ត្រីខកំប៉ុង១៦កេះធំ និងទៀនវស្សា២៦គូរ។

ក្នុងនោះ ត្រូវបែងចែកសម្រាប់វត្តនីមួយៗ មានអង្ករ២ប៉ាវ ត្រីខកំប៉ុង៤យួរ (៤០កំប៉ុង) និងទៀនវស្សា១គូរ ដើម្បីយកទៅរួមផ្សំជាមួយ សម្ភារថវិកាផ្សេងៗទៀត របស់ក្រុមការងារឃុំនីមួយៗ (ក្រៅពីវត្តចំនួន៣ ដែលបានទទួលពីលោកស្រី សម្តេចក្រឡាហោម និងវត្តចំនួន៧ទៀត ទទួលពីលោកស្រី ស ចេង ប្រាក់ សុវណ្ណ)។ អង្ករនិងត្រីខកំប៉ុងនៅសល់ គឺសម្រាប់គណបក្សស្រុក ចាត់ចែងប្រើប្រាស់ចុះដល់ខ្នងផ្ទះសមាជិកបក្ស ដែលខ្វះខាតពិតប្រាកដ។

នៅក្នុងឱកាសនោះ លោក ស្តើង សុខុន ក៏បានស្នើឲ្យគណបក្សស្រុក ចុះពិនិត្យស្ថានភាពគ្រួសារប្រជាជន ដែលក្រីក្រដែលរងគ្រោះដោយកូវីដ១៩បន្តទៀតផងដែរ ដើម្បីធ្វើរបាយការណ៍ ផ្ញើទៅគណបក្ស ខេត្តឲ្យបានច្បាស់លាស់ និងស្នើឲ្យអស់លោកជាប្រធានក្រុមការងារឃុំនីមួយៗ មេត្តាចាត់ចែងបំពេញបន្ថែមនូវសម្ភារ ថវិកា ដើម្បីប្រគេនតាមវត្តនីមួយៗតាមការគួរ៕