(ប៉ៃលិន)៖ ថ្លែងនៅក្នុងពីធីក្នុងពីធីប្រគល់ និងទទួលអំណោយរបស់សប្បុរសជន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងសប្បុរសជន ដែលបានចូលរួមឧបត្ថម្ភ ជួយទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌ក្នុងខេត្ត ដូចជា៖ ជួយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជាជនរងគ្រោះ និងជនងាយរងគ្រោះដោយទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្រ្តាក់ អគ្កិភ័យ គ្រោះថ្នាក់ចរាចរណ៍ ចាស់ជរា ស្រ្តីមេម៉ាយ កុមារកំព្រា គ្រួសារទីទ័លក្រ គ្រួសារជួបបញ្ហាផ្ទុកមេរោគអេដស៍និងជំងឺអេដស៍ ជាពិសេសគ្រួសារក្រីក្រក្នុងអំឡុងវិបត្តិនៃជំងឺគូវិដ-១៩។

លោកប្រធានបានលើកឡើងថា ក្នុង២០២០ឆ្នាំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការផ្អាកប្រារព្វពីធីអបអរសាទរ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩ និងបានចេញលិខិតណែនាំអោយសាខា និងអនុសាខា រាជធានី/ខេត្ត នៅតែបន្តគៀងគររកមូលនិធិ ដោយពុំចាំបាច់រៀបចំអង្គមីទ្ទិង ឬពិធីណាមួយដែលប្រមូលមនុស្សផ្តុំច្រើនឡើយ។

លោក ផាន់ ចាន់ធុល បានអំពាវនាវដល់សប្បុរសជននៅគ្រប់មជ្ឈដ្ឋានទាំងវិស័យឯកជន និងស្ថាប័នរដ្ឋ សូមបន្តគាំបន្តគាំទ្រដល់វិស័យមនុស្សធម៌នៅក្នុងខេត្តប៉ៃលិន ហើយកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ និងជនងាយរងគ្រោះដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

សូមបញ្ជាក់ថា ថវិកាដែលទទួលបានពីសប្បុរសជន ដើម្បីទ្រទ្រង់ដល់វិស័យមនុស្សធម៌រប់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នាឱកាសនោះ គឺមានចំនួន ៦៣,៣៦៥០០០រៀល និង ២៧៨៥ដុល្លាអាមេរិក៕