(កណ្ដាល)៖ ក្រុមតៃកុងឡានបើកឡានដឹកដី-ខ្សាច់ ថ្ម គ្រួស ដែលរងការចោទថា បានបើកឡានឈ្លើយៗនៅក្រុងតាខ្មៅ បានប្ដេជ្ញាចិត្តថា ពួកខ្លួននឹងកែប្រែឥរិយាបថឱ្យបានល្អ ហើយគោរពតាមច្បាប់ចរាចរណ៍ឱ្យបានល្អខ្ចាប់ខ្ចួន។ ជាពិសេសទៀតនោះមិនធ្វើឱ្យពលរដ្ឋអ្នកធ្វើដំណើរតាមកង់ ម៉ូតូជាដើមភ័យលោះព្រលឹងដោយសារពួកគាត់ទៀតទេ។

ការសន្យាបែបនេះរបស់ក្រុមតៃកុងឡាន បានធ្វើឡើងតាមការសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមបណ្ដោយផ្លូវជាតិលេខ២១អា ស្ថិតក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឆ្លើយតបនឹងសំនួររបស់អ្នកយកព័ត៌មាន Fresh News ក្រុមតៃកុងឡានបានលើកឡើងថា មិនមែនតៃកុងឡានទាំងអស់គ្នាសិទ្ធតែបើកឈ្លើយនោះទេ ពោលគឺពួកខ្លួនក៏បានគោរពតាមសិទ្ធិអ្នកដទៃ គោរពអាយុជីវិតអ្នកដទៃ និងគោរពច្បាប់ចរាចរណ៍ផងដែរ ខណៈដែលមានក្រុមតៃកុងឡានមួយចំនួនតូចប៉ុណ្ណោះ ដែលបើកឡានសាហាវ ហើយក្រុមតៃកុងឡានក៏បានអំពាវនាវតៃកុងឡានដទៃទៀត ត្រូវកែប្រែឥរិយាបថរបស់ខ្លួនឡើងវិញផងដែរ ដោយត្រូវគោរពតាមច្បាប់ចរាចរណ៍ គោរពសិទ្ធិអ្នកដទៃ គោរពអាយុជីវិតអ្នកដទៃ ពិសេសត្រូវគិតថា «បើកឡានយ៉ាងណាកុំឱ្យមានគ្រោះថ្នាក់ ដល់អ្នកដទៃ»។

ស្ថិតនៅក្នុងយុទ្ធនាការនេះផងដែរ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងថា ដើម្បីដោះស្រាយបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋ លោកបានដឹកនាំកម្លាំង ជំនាញចរាចរណ៍ចុះធ្វើការត្រួតពិនិត្យទៅលើរថយន្តដឹកខ្សាច់នេះ ក្រោយការដឹកនាំដោយផ្ទាល់ពី លោក នៃ ចារី អភិបាលរងខេត្តកណ្តាល។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា សមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត នឹងអ្នកបើកបរ។ ចំពោះរថយន្ត និងអ្នកបើកបរណាល្មើសច្បាប់ នឹងត្រូវបញ្ជូនទៅធ្វើការផាកពិន័យតាមច្បាប់បានកំណត់ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។

ប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍នេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃនៅលើផ្លូវជាតិលេខ២១A រហូត ម្ចាស់អាជីវកម្មរថយន្តដឹកខ្សាច់ទាំងអស់រៀងចាល ហើយចូលរួមគោរពច្បាប់ឲ្យបានគ្រប់ៗគ្នា៕