(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាប់ផ្តើមដាក់ចេញយុទ្ធនាការអប់រំផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តចំនួន៤ទៀត ក្នុងនោះមានខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារផងដែរ។

ការបើកយុទ្ធនាការអប់រំនេះ ក្រោមអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. កាលពីថ្មីៗនេះ។

គោលបំណងនៃការរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយនាពេលនេះ គឺដើម្បីពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។

នៅក្នុងយុទ្ធនាការនេះ មានការរៀបចំជាកម្មវិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងមានការសួរ និងឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីទទួលបានមួកសុវត្ថិភាព និងមានការពន្យល់ណែនាំដល់យុវជនឱ្យរៀនប្រើប្រាស់កម្មវិធីអប់រំអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក (Cambodia Driving Rules) ដែលជាកម្មវិធីមួយដ៏ងាយស្រួលសម្រាប់ប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាចប្រលងសាកល្បងសមត្ថភាពរបស់ខ្លួន។

គួរបញ្ជាក់ថា យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ទាំងបួនលើកនេះ មានបងប្អូនប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤៦០នាក់ ដោយម្នាក់ៗទទួលបាននូវមួកសុវត្ថិភាព១ ព្រមទាំងសៀវភៅច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង ខិត្តប័ណ្ណជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍។

យុទ្ធនាការនេះ ក៏មានការណែនាំដល់អ្នកចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាសការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ។

សូមជម្រាបថា យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានរៀបចំឡើងដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូនសហការជាមួយ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងស.ស.យ.ក ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងត្រូវបានប្រារព្ធធ្វើឡើងជាបន្តបន្ទាប់ក្នុងខេត្តចំនួន៤ រួមមាន ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។

យុទ្ធនាការអប់រំផ្សព្វផ្សាយខាងលើ ទទួលបានការចូលរួមជាអធិបតីភាព លោកស្រី មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. លោក យឹម ផែន អភិបាលរងខេត្តរតនគិរីលោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែង លោក គោ ស៊ុប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ និងមានការអមដំណើរដោយ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធានផ្នែកអប់រំផ្សព្វផ្សាយនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និងព្រះវិហារ៕