(ក្រចេះ)៖ លោកស្រី ស៊ុន សាភឿន តំណាងរាស្ត្រមណ្ឌលក្រចេះ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ រួមជាមួយលោក កែវ ពេជ្ជនៈ អនុប្រធានក្រុមការងារ បាននាំយកទៀនព្រះវស្សា ព្រមទាំងទេយ្យទានមួយចំនួន ដើម្បីប្រគេនព្រះសង្ឃគង់នៅវត្តពោធិវ័ន (ហាន់ជ័យក្រោម) និងវត្តពោធិហាន់ជ័យ (ហាន់ជ័យលើ)។

សកម្មភាពនេះ បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ ដែលទេយ្យទានទាំងនោះ មានដូចជា អង្ករ ត្រីខ ទឹកត្រី ទឹកស៉ីអ៉ីវ ស្ករស អំបិល ប៊ីចេង ខ្ទឹម ទឹកដោះគោ ទឹកសុទ្ធ ចាន សាប៊ូបោកខោអាវ និងសាប៊ូលាងចាន ដោយចំណាយថវិកាលើសម្ភារក្នុងមួយវត្ត ចំនួន៦០០,០០០រៀល សរុបទាំង ២វត្តអស់ ១,២០០,០០០រៀល រួមទាំងចំណាយផ្សេងៗទៀត អស់ចំនួន ៤០០,០០០រៀល និងចំណាយសរុបអស់ ១,៦០០,០០០រៀល។

ជាមួយគ្នានេះ ចំពោះបច្ច័យប្រគេនព្រះសង្ឃ ដែលក្នុងនោះទទួលបានពីក្រុមការងារថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ រួមទាំងបច្ច័យរបស់លោកស្រី បូរី ហោ (ភរិយារបស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង) ចំនួន១០០ដុល្លារដុល្លារ ក្នុងមួយវត្តសរុបបានចំនួន ១,៦០០,០០០រៀល។

បន្ទាប់ពីនោះ លោកស្រីព្រមទាំងក្រុមការងារ ក៏បានអញ្ជើញទៅពិនិត្យការដំឡើងផ្លាកដើម្បីអបអរសាទខួបអនុស្សាវរីយ៍លើកទី៦៩ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមន្ទីរគណបក្សប្រជាជនកម្ពុជាឃុំហាន់ជ័យ ដែលចំណាយថវិកាធ្វើដោយលោកស្រី រួមជាមួយ លោក កែវ ពេជ្ជនៈ ចំនួន ១៦០ដុល្លារអាមេរិក។

នៅវេលារសៀល លោកស្រី ស៊ុន សាភឿន បានអញ្ជើញចូលរួមការប្រជុំជីវភាពនយោបាយគណបក្សប្រចាំឆមាសទី១ ឆ្នាំ២០២០ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ក្រោមអធិបតីភាព ទេសរដ្ឋមន្ត្រីកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ប្រធានក្រុមការងារគណបក្សចុះជួយខេត្តក្រចេះផងដែរ៕