(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃស្អែក នឹងបន្តបើកសវនាការជំនុំជម្រះក្តីអ្នកស្រី ឡាយ ហួង និង ឧកញ៉ា ខូវ ផល្លាបុត្រ  លើសំណុំរឿង ដ៏រំជើបរំជួលក្នុងត្រកូលអភិវជន ដែលបានរៀបចំគម្រោងរំលោភសម្លាប់ភរិយា និងកូនស្រី របស់ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល។

លោក ជា ច័ន្ទរ៉ាវី មេធាវីការពារក្តីឲ្យលោកស្រី ឡាយ ហួង ក៏ដូចជាលោក លឹម វណ្ណា មេធាវីការពារក្តីឲ្យឧកញ៉ា ខូវ ផល្លាបុត្រ បាន ប្រាប់ Fresh News នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦ថា សវនាការជំនុំជម្រះក្តី នឹងបន្តធ្វើនៅម៉ោងប្រមាណ ៨៖៣០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដោយមាន លោក សាន សុផាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក សៀង សុខ តំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សវនាការជំនុំជម្រះទោស អ្នកស្រី ឡាយ ហួង ជនជាប់ចោទជាមេគំនិត និងឧកញ៉ា ខូវ ផល្លាបុត្រ ជាអ្នកសមគំនិត  ក្នុងសំណុំរឿងប៉ុនប៉ងរំលោភសេពសន្ធវៈ និង ប៉ុនប៉ងឃាតកម្មគិតទុកជាមុនទៅលើអ្នកស្រី ស៊ុន សូត្ថា ភរិយា និង កូនស្រី របស់ លោក ស៊ុន ចាន់ថុល បានធ្វើរួចម្តងមកហើយ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅនេះ។ ក្នុងសវនាការនេះ មិនមានវត្តមាន ជនជាប់ចោទ ឧកញ៉ា ខូវ ផល្លាបុត្រ នោះទេ។

សវនាការពេញមួយព្រឹកថ្ងៃទី២៩ ខែធ្នូ កន្លងទៅនេះ ចៅក្រមជំនុំជម្រះ បានស្តាប់នូវការបកស្រាយជាច្រើនរបស់ជនជាប់ចោទ  ឡាយ ហួង តែមិនទាន់បានស្តាប់ការបំភ្លឺពីសាក្សីនៅឡើយទេ។ អ្នកស្រី ឡាយ ហួង បានទាមទារឲ្យសមត្ថកិច្ច តាមចាប់ និង នាំខ្លួន ឧកញ៉ា ខូវ ផល្លាបុត្រ មកចូលរួមសវនាការផងដែរ។ អ្នកស្រី បានហៅការទុកឲ្យឧកញ៉ា ខូវ ផល្លាបុត្រ រស់ក្រៅសំណាញ់ច្បាប់ជា រឿងអយុត្តិធម៌មួយសម្រាប់អ្នកស្រី។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១០ មនុស្សមួយក្រុមបានរៀបចំគម្រោងរំលោភ និង សម្លាប់ភរិយា និងកូនស្រី របស់លោកទេសរដ្ឋ មន្រ្តី ស៊ុន ចាន់ថុល។ នៅរាត្រីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ គ្រាលោក ស៊ុន ចាន់ថុល ជាប់រវល់បំពេញការងារនៅខេត្តមណ្ឌលគិរី  មានបុរសម្នាក់ ដោយមានការសហការពីអ្នកបម្រើនៅក្នុងផ្ទះលោក ស៊ុន ចាន់ថុល ផងនោះ បានលួចចូលទៅក្នុងផ្ទះរបស់លោក ប៉ុន ប៉ងរំលោភ និងសម្លាប់អ្នកស្រី ស៊ុន សូត្ថា ភរិយា និង កូនស្រី របស់លោក ស៊ុន ចាន់ថុល។ ផែនការ ដែលគេចាត់ទុកថា ជារឿងដ៏ អាក្រក់ជូរជាតិ និង ឃោរឃៅបំផុតនេះ មិនបានសម្រេចនោះឡើយ។

សំណុំរឿងប៉ុនប៉ងរំលោភ និងសម្លាប់នេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានប្តឹងមនុស្សជាច្រើននាក់ ដែលជាមេផ្តើមគំនិត សម គំនិត និងអ្នកធ្វើសកម្មភាព រួមមាន៖ អ្នកស្រី ឡាយ ហួង ភរិយា ឧកញ៉ា ខូវ ផល្លាបុត្រ, លោកឧកញ៉ា ខូវ ផល្លាបុត្រ, អ្នកស្រី សេង  ច័ន្ទដា ភរិយាក្មេងរបស់ឧកញ៉ា ខូវ ជឺលី, អ្នកបម្រើ ២នាក់ និង សន្តិសុខម្នាក់។

ជនជាប់ចោទចំនួន ៤នាក់ហើយ គឺអ្នកស្រី សេង ច័ន្ទដា, អ្នកបម្រើពីរនាក់ និង សន្តិសុខម្នាក់ ត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី ១៨ឆ្នាំ ទៅ ២០ឆ្នាំ ហើយសាលក្រម ក៏បានចូលជាស្ថាពរផងដែរ។

បច្ចុប្បន្នជនជាប់អ្នកស្រី ឡាយ ហួង ត្រូវបានកម្លាំងនគរបាលអន្តរជាតិចាប់បញ្ជូនខ្លួនមកកម្ពុជា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤  ហើយក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃសរ។ មកដល់បច្ចុប្បន្នអ្នកស្រី ឡាយ ហួង ជាប់ពន្ធនាគារ ជាងមួយឆ្នាំមកហើយ ហើយសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ។

ដោយឡែកលោកឧកញ៉ា ខូវ ផល្លាបុត្រ ជនជាប់ចោទជាអ្នកសមគំនិតសម្លាប់បងស្រី និងក្មួយស្រីបង្កើតរបស់ខ្លួននោះ បាននិងកំពុង រត់គេចខ្លួន ខណៈដែលតុលាការចេញដីការតាមចាប់ខ្លួនតាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១២មកម្ល៉េះ។

សំណុំរឿងនេះ កូនប្រុស-ស្រី របស់ឧកញ៉ា ខូវ ជឺលី សុទ្ធតែបានចេញមកបញ្ជាក់ពីទង្វើទុច្ចរិតរបស់អ្នកស្រី សេង ចិន្តា និង អ្នកស្រី  ឡាយ ហួង គឺពិតជាបានរួមគំនិតគ្នារៀបចំគម្រោងសម្លាប់ និងរំលោភទៅលើភរិយា និងកូនស្រី របស់លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់  ថុល ពិតប្រាកដមែន។

ឧកញ៉ា ខូវ ផល្លាបុត្រ បានអះអាងចេញនៅក្នុងលិខិតបំភ្លឺ របស់ខ្លួនថា «ឡាយ ហួង ជាមនុស្សស្រី ដែល មានភាពលោភលន់ និងម ហិច្ឆតាខ្ពស់ណាស់ បានប្រើកលល្បិចសព្វបែបយ៉ាង ដើម្បីប្លន់យកទ្រព្យសម្បត្តិរបស់ខ្ញុំ និងគ្រួសារខ្ញុំ។ ដូច្នេះ រឿងអ្វីៗ ក៏ ឡាយ  ហួង ហ៊ាន ធ្វើដែរ។ ករណីផ្សំគំនិតរបស់ឈ្មោះ សេង ច័ន្ទដា និង ឈ្មោះ ឡាយ ហួង រៀបចំគម្រោងរំលោភ និង សម្លាប់លោកជំទាវ  ស៊ុន សុត្ថា និងកូនស្រី កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ នៅភូមិគ្រឹះ ឯកឧត្តម ស៊ុន ចាន់ថុល គឺជាការពិតមិន មែនប្រឌិតទេ»

បើតាមឧកញ៉ា ខូវ ផល្លាបុត្រ ទង្វើដ៏ឃោរឃៅរបស់ ឡាយ ហួង មិនមែនទើបតែធ្វើទៅលើភរិយា និង កូនស្រីរបស់លោកទេសរដ្ឋ មន្រ្តី ស៊ុន ចាន់ថុល នោះឡើយ ឡាយ ហួង ក៏ធ្លាប់បានគំរាមសម្លាប់រំលោភ និងជះទឹកអាស៊ីត លើភរិយាទីពីររបស់លោក ខូវ ផល្លា បុត្រ រហូតភរិយាទី២នោះ រត់គេចខ្លួនចេញពីស្រុកខ្មែរ ទៅរស់នៅប្រទេសម៉ាឡេស៊ី។

សាធារណជនដែលបានតាមដានសំណុំរឿងប៉ុនប៉ងឃាតកម្មសម្លាប់ និងរំលោភ ក្នុងត្រកូលអភិជននៅកម្ពុជា បាននិងកំពុងរង់ចាំ មើល គ្រប់គ្នាទៅលើចំណាត់ការរបស់សាលាដំបូង រាជធានីភ្នំពេញលើមេផ្តើមគំនិត ឡាយ ហួង ខណៈមានព័ត៌មានជាច្រើនទម្លាយ ពីសាលាដំបូងមកថា ឡាយ ហួង បានជះលុយរាប់លានដុល្លារ ដើម្បីរត់ការបន្ធូរបន្ថយទោស ឬជាថ្នូរបាននៅក្រៅឃុំ។

សាធារណជនបានសម្តែងការរំពឹងទុក្ខថា តុលាការកន្លែងដល់ផ្តល់សច្ចធម៌ យុត្តិធម៌ នឹងមិនបន្តធ្វើឲ្យតម្លៃ នៃស្ថាប័នមួយនេះ ធ្លាក់ កប់ ក្នុងដីឡើយ។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងជាមួយ វប្បធម៌និទណ្ឌភាពនៅកម្ពុជា ព្រមទាំងបានធ្វើកំណែទម្រង់យ៉ាងច្រើន មានដូចជាការចាប់ប្រធានតុលាការដាក់ពន្ធនាគារជាដើម ក្នុង បំណងធ្វើឲ្យកន្លែងផ្តល់យុត្តិធម៌នេះ ផ្តល់យុត្តិធម៌ប្រកបដោយភាពសច្ចបានកាន់តែច្រើនជូនជនរងគ្រោះ។

សាធារណជនសង្ឃឹមយ៉ាងមុតមាំថា ការប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន នឹងមិនត្រូវបានមន្រ្តីតុលាការធ្វើឲ្យសាបសូន្យ  អសារបង់ ព្រោះតម្លៃលុយសូកប៉ាន់នោះឡើយ៕