(កំពង់ចាម)៖ ដោយសារតែពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ការពារជំងឺកូវីត១៩ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តថែរក្សាខ្លួនការពារពីជំងឺឆ្លងនេះ។

លោកអភិបាលខេត្តបានថ្លែងអំពាវនាវដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ ខណៈនាំទៀនវស្សា មានគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃចំនួន ៤វត្ត ស្ថិតនៅវត្តថ្មី ភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។

លោកអភិបាលខេត្តបានថ្លែងថា នៅក្នុងពិភពលោកបច្ចុប្បន្ន បញ្ហាជំងឺកូវីដ១៩ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ចំណែកវ៉ាក់សាំងចាក់ការពារជំងឺនេះនៅមិនទាន់រកឃើញពិតប្រាកដទេ។ ហេតុដូច្នេះហើយ ត្រូវតែបន្តការពារ មិនអាចធ្វេសប្រហែសបានទេ ដោយត្រូវថែរក្សាសុខភាពអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

លោកបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានមានវិធានការ ត្រួតពិនិត្យនៅតាមព្រំដែន ចំពោះអ្នកដំណើរដែលបានឆ្លងកាត់ ត្រូវបានត្រួតពិនិត្យសុខភាព និងដាក់នៅដោយឡែក ហើយប្រសិនបើរកឃើញថា គាត់មានផ្ទុកជំងឺកូវីដ១៩ ត្រូវយកគាត់ទៅព្យាបាល ធ្វើដូច្នេះដើម្បីការពារកុំឱ្យជំងឺកូវីដនេះ កើតមានរលកលើកទី២ នៅតាមបណ្ដាសហគមន៍។

លោកអភិបាលខេត្តបានបញ្ជាក់ថា កន្លងមកក្នុងខេត្តកំពង់ចាម ត្រូវបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៦នាក់។ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយរួចរាល់អស់ហើយ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងខេត្តកំពង់ចាម មិនមានអ្នកផ្ទុកជំងឺនេះទៀតទេ៕