(ត្បូងឃ្មុំ)៖ ទៀនព្រះវស្សាចំនួន១៤គួ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខ ប្រេងកាត និងបច្ច័យ ជាថវិកាក្នុងមួយវត្តៗ ចំនួន៤លាន១សែន៣ម៉ឺនរៀល ដែលជាអំណោយដ៏សប្បរសធម៌បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្បរសជននានា ត្រូវបាននាំយកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមចំនួន៧ ក្នុងខេត្តត្បូងឃ្មុំ។

ការប្រគេននេះ ធ្វើឡើងតាមរយៈឧត្តមសេនីយ៍ឯក ស៉ិន ស៊ន និងលោកស្រី, ឧត្តមសេនីយ៍ឯក យិន ច័ន្ទធួន និងលោកស្រី រួមទាំងនាយទាហាន នៃបញ្ជាការដ្ឋានកង ឯកភាពអង្គរក្សសម្តេចតេជោនាយករដ្ឋមន្រ្តី និងសប្បុរសជននានា កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា។

ទីអារាមទាំង៧ដែលទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ និងប្រេងកាត ជាអំណោយដ៏សប្បរសធម៌ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលនោះរួមមាន វត្តកូនត្មាត វត្តព្រះពន្លៃ វត្តទួលសិលា វត្តអង្គរក្នុងហ្លូងព្រះស្តេចកន វត្តប្រម៉ា វត្តព្រៃកំផែង និងវត្តឬស្សីកែវ។ ពិធីនេះបានប្រារព្វធ្វើព្រមៗគ្នា នៅទីអារាមវត្តអង្គរក្នុងហ្លូងព្រះស្តេចកន។

ទៀនវស្សាគឺជាពិធីសាសនាមួយរបស់ព្រះពុទ្ធសាសនា ដែលមានអាយុកាលដ៏យូរលង់ណាស់មកហើយ ពោលគឺធ្វើឡើងពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ឆ្នាំជូនជារៀងរាល់ឆ្នាំ។ លោក ស៉ិន ស៊ន បានថ្លែងថា ជារៀងរាល់ឆ្នាំសម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែចាត់តាំងឲ្យរូបលោក និងសហការីទាំងអស់នៃបញ្ជាការដ្ឋានអង្គរក្ស នាំយកនូវទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត យកទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំង៧នេះ មិនដែលអាក់ខានម្តងណាឡើយ ដោយសាតែទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។

លោកក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ប្រគេននិងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង៧ ដែលបានខិតខំថែរក្សាការពារ និងកសាងនូវសមិទ្ធផល នានាក្នុងទីអារាមនីមួយៗ មានការរីកចម្រើនយ៉ាងឆាប់រហ័សពីមួយៗទៅមួយឆ្នាំ ដែលនោះបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃនិងគ្រហត្ថ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។ លោកបានណែនាំប្រគេន និងជូនដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ កុំមានការភ្លេចខ្លួន ឬធ្វេសប្រហែសដោយប្រការណាមួយ ក្នុងការចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រតសួងសុខាភិបាល ក្នុងការចូលរួមធ្វើអនាម័យល្អ លាងសំអាតដៃនិងសាប៊ូឬជែល រក្សាគម្លាតក្នុងសង្គម ដើម្បីឈានទៅលុបបំបាត់ការរតីករាលដាលនៃជំងឺកូវីដ១៩ ពិសេសការផ្ទុះឡើងនៅរលកទី២ ក្នុងពេលអនាគតដែលយើងមើលមិនឃើញ។

ជាមួយនិងម្នុញផលកើតចេញពីទឹកចិត្តជ្រះថ្លានោះ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៧ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវតាថែរក្សាក្នុងលោក សូមតាមជួយប្រោសព្រំបីបាច់ថែរក្សាការពារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងបុត្រាបុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន អាយុយ៉ឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំ រាជរដ្ឋាភិបាល និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជា ឲ្យកាន់តែរឹងមាំជានិច្ចនិរន្តតរៀងទៅ។ ពិសេសបានលើកឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសិប្បុរិសកភោគាធិបតី ហ៊ុន នាង ឧបាសិកា ឌី ប៉ុក ឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាព លាចាកលោកហើយនោះ បានយោងយិតទៅចាប់បដិសន្ធិនៅឋានសួគ៌ា បរមសុខគ្រប់ប្រការ និងបានលាចាកផុតពីទុក្ខទោសផងទាំងពួងចាប់ពីពេលនេះតរៀងទៅ។

លោកថែមទាំងបាននាំយកនូវអំណោយជាសម្ភារ ថវិកា មួយចំនួនជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ចែកជូនចាស់សិល៍វ័ន និងចាស់សិល៍វតី និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៧ សរុបចំនួន ៣០០នាក់ ម្នាក់ៗទទួលបានក្រណាត់ស១ដុំ ឬក្រម៉ា សារុង១ ជែលលាងដៃ១ដប និងថវិកា១ម៉ឺនរៀល ព្រមទាំងចែកជូនដល់កុមារមួយចំនួនផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីប្រគេនទៀនព្រះវស្សានោះដែរ សហការីទាំងអស់ បានអញ្ជើញបូជាទៀនធូបនៅតាមទីសក្ការៈ ក្នុងវត្តអង្គរក្នុងហ្លូងព្រះស្តេចកន ដែលជាទីអារាមមួយមានប្រវត្តិកាលដ៏យូរលង់ណាស់មកហើយ របស់ព្រះរាជាណាចក្រកម្ពុជា ហើយដែលត្រូវបានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដឹកនាំធ្វើការស្រាវជ្រាវ ឈានទៅកសាងឡើងវិញ មានដូចជាព្រះវិហារថ្មីលើទីតាំងចាស់ រូបសំណាក់ព្រះពុទ្ធចូលបរិនព្វាន រូបសំណាក់សម្តេចកូនជិះសេះ លើធ្នូជ័យបញ្ជាទ័ពវាយប្រយុទ្ធខ្មាំង សត្រូវនិងមហាសមិទ្ធផលជាច្រើនរាប់មិនអស់ដទៃទៀត ក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ក្នុងទីអារាមវត្តអង្គរក្នុង ហ្លូងព្រះសម្តេចកន៕