(កំពង់ធំ)៖ លោក ជា អឿង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកប្រាសាទបល្ល័ង្ក បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវបង្កើនការផលិតដំណាំបន្លែ ស្រូវ និងការចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងមូលដ្ឋាន និងអាចចែកចាយទៅកាន់មូលដ្ឋានដទៃ ជួយគ្នាក្នុងគ្រាជួបវិបត្តិជំងឺកូវីដ-១៩។

លោក ជា អឿង បានថ្លែងយ៉ាងដូច្នេះក្នុងពិធីប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃចំនួន ៩ វត្ត ក្នុងឃុំសាលាវិស័យ និងឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ដោយមានកានិមន្ត និងចូលរួមពីពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត។

ក្នុងឱកាសនៃការប្រគេនទានព្រះវស្សានាឱកាសនោះ លោក ជា អឿង បានផ្ញើការសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះពុទ្ធបរិស័ទនៅទីនោះ និងបានលើកឡើងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពិសេសបង្ហាញពីទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើងតាមពុទ្ធប្បញ្ញត្តិ។

លោកបានបន្តថា ការចូលព្រះវស្សានេះ គឺមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជា រៀងរាល់ឆ្នាំដើម្បីព្រះសង្ឃគ្រប់អង្គនៅក្នុងវត្តប្រតិបត្តិពិន័យធម៌។

លោកបានជំរុញអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងឲ្យមានប្រសិទ្ធភាព នៅភូមិឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវសាធារណៈនានា។ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះការចិញ្ចឹមសត្វជាដើម។

លោក ជា អឿង ក៏បានបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជា នៅមានផ្ទុកមេរោគ Covid-១៩ នៅឡើយទេដូច្នេះ សូមប្រជាពលរដ្ឋគ្រប់រូបត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការនិងការពារការឆ្លងរីករាលដាលនៃកូវីដ១៩ សូមឲ្យអនុវត្តទៅតាមការណែនាំបស់ក្រសួងសុខាភិបាល។

សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះ ក្នុងមួយវត្តទទួលបានមានទៀនវស្សា ១គូ ស្លាដក ១ អង្ករ មី ទឹកបរិសុទ្ធ ទឹកក្រូច ត្រីខ និងបច្ច័យមួយចំនួន ដើម្បីទុកសម្រាប់ប្រើប្រាស់ពេលចូលព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស នៅក្នុងទីវត្តនិងបានផ្តល់ជូនអ្នកចូលរួមចំនួន ១០០នាក់ ដោយក្នុងមួយនាក់ទទួលបានក្រណាត់ស ១ដុំ និងថវិកា ១០,០០០រៀល ផងដែរ៕