(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំព្រះសង្ឃយុវជនប្រមាណជាង២០០នាក់ ក្នុងនោះមានក្រុមយុវនិស្សិតស្ម័គ្រចិត្តបរិស្ថាន មកពីរាជធានីភ្នំពេញចំនួន៤៥អង្គ/នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាពីតំបន់ប្រវត្តិសាស្រ្តប្រាសាទបន្ទាយឆ្មារ ដើម្បីស្វែងយល់ពីតំបន់រមណីយដ្ឋានបុរាណ ពិសេសផ្សព្វផ្សាយ និងរួមគ្នាធ្វើការសម្អាតបរិស្ថាននៅជុំវិញបរិវេនប្រាសាទ រួមនឹងទីតាំងមួយចំនួនទៀត ដែលធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

នាឱកាសនោះ ក៏មានការអញ្ជើញចូលរួម លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាំងអភិបាលខេត្តបន្ទាយមានជ័យ, សមាជិក្រុមប្រឹក្សាខេត្ត, លោក ឌៀប ឈួន អភិបាលស្រុកថ្មពួក, នគរបាលបេតិកភណ្ឌ ប្រចាំប្រសាទបន្ទាយឆ្មារ, ប្រជាការពារ, យុវជនសសយកជាច្រើនរូបទៀត។

នាឱកាសនោះ លោកស្រី រស់ សុផានី បានបង្ហាញពីភាពរីកចម្រើនរបស់ខេត្តបន្ទាយមានជ័យ ដែលជាខេត្តទើបបញ្ចប់សង្រ្គាមក្រោយគេ ហើយក៏មានភាពរីកចម្រើនគួឲ្យកត់សម្គាល់ផងដែរ។

ទន្ទឹមនឹងនោះ លោកស្រីក៏បានបង្ហាញពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនៅក្នុងខេត្ត ពិសេសប្រាសាទបន្ទាយឆ្មារដែលជាប្រាសាទដ៏ចំណាស់មួយ និងត្រូវបានស្ថាបនាឡើងវិញ ក្រោមការឧបត្ថម្ភគាំទ្រលើកិច្ចការងារជួសជុលឡើងវិញ ដោយលោកស្រីឧកញ៉ា ហេមចិត្តា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានធ្វើឲ្យប្រាសាទដ៏ចំណាស់មួយនេះ មានភាពស្រស់ស្អាតទាក់ទាញ រួមនឹងតំបន់ទេសចរណ៍មួយចំនួនទៀតដូចជា៖ ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ និងអាងជើងគ្រុសជាដើម ត្រូវបានលោកស្រីចំណាយថវិកាប្រែក្លាយពីតំបន់ទាំងនេះ ក្លាយជាតំបន់ទេសចរណ៍ដែលកំពុងមានភាពទាក់ទាញខ្លាំង។

តាងនាមថ្នាក់ដឹកនាំខេត្ត លោកស្រីបានថ្លែងអំណរគុណដល់ក្រុមយុវជន ពិសេសក្រុមយុវនិស្សិតស្ម័គ្រចិត្តបរិស្ថានមកពីរាជធានីភ្នំពេញ ដែលបានចូលរួមសកម្មភាពសម្អាតបរិស្ថាននៅបរិវេណប្រាសាទ ដើម្បីជាការដាស់ស្មារតីឲ្យមានការចូលរួមសម្អាតបរិស្ថាន តាមរយៈការទុកដាកសំរាមនៅក្នុងធុងឲ្យបានត្រឹមត្រូវ។

កញ្ញា កែវ ទិត្យរីដា តំណាងយុវនិស្សិត បានលើកឡើងថា ការចុះមកទស្សនកិច្ចនៅក្នុងខេត្តបន្ទាយមានជ័យនេះ ដើម្បីធ្វើការសិក្សាពីតំបន់ប្រវត្តិសាស្រ្តប្រាសាទបន្ទាយឆ្មារ ដោយក្នុងនោះតំណាងយុវនិស្សិតក៏បានលើកឡើងថា គោលដៅនៃការចុះមកនេះ ដោយមើលឃើញពីភាពស្រស់ស្អាតនៃខេត្ត ពិសេសការស់នៅរបស់ប្រជាពលរដ្ឋមានភាពរួសរាយរាក់ទាក់ និងមានភាពយល់ដឹងពីកិច្ចគាំពាបរិស្ថានបានល្អប្រសើរ ដោយពួកគាត់មានការយល់ដឹងច្រើនក្នុងការថែរក្សាបរិស្ថាន។

កញ្ញាបន្តថា មួយវិញទៀតសម្រាប់ដំណើរទស្សនកិច្ចរបស់យុវនិស្សិតស្ម័គ្រចិត្តបរិស្ថានដើម្បី ជាគំរូបដល់យុវជនដទៃឲ្យចេះស្រលាញ់បរិស្ថាន ចូលរួមសម្អាតបរិស្ថាន។ កាលណាបរិស្ថានស្អាត នាំមកនូវផាសុខភាពទាក់ទាញភ្ញៀវទសចរណ៍មកលេងប្រទេសកម្ពុជា ក៏ដូចជាតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តនានា ក្នុងប្រទេសកម្ពុជា។

ក្នុងនោះដែរតំណាងក្រុមយុវនិស្សិតស្ម័គ្រចិត្តបរិស្ថាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ កែគឹមយ៉ាន ដែលបានទទួលស្វាគមន៍ ចំពោះក្រុមយុវនិស្សិត ទាំងអាហារនិងការស្នាក់នៅ ពិសេសថ្នាក់ដឹកនាំខេត្តដែលបានទទួលស្វាគមន៍ពួកគេយ៉ាងរួសរាយរាក់ទាក់។

សូមបញ្ជាក់ ក្រុមយុវនិស្សិតស្ម័គ្រចិត្តបរិស្ថានមកពីរាជធានីភ្នំពេញ ទស្សនកិច្ចសិក្សានៅក្នុងខេត្តបន្ទាយមានជ័យ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៧ ធ្វើការសម្អាតបរិស្ថាននៅបរិវេណប្រាសាទបន្ទាយឆ្មារ ស្ពានភ្ជាប់និស្ស័យបារាយណ៍ មេបុណ្យ និងដងផ្លូវ និងថ្ងៃទី២៨ ខែមិថុនា បន្តដំណើរដើម្បីធ្វើការសម្អាតបរិស្ថាននៅក្នុងទឹកដីក្រុងប៉ោយប៉ែត៕