(កំពង់ស្ពឺ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននាំយកសម្ភារជំនួយ ជូនប្រជាពលរដ្ឋមានពិការភាព និងមនុស្សចាស់ជរាចំនួន១០០គ្រួសារ រស់នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។

ថ្លែងនៅក្នុងឱកាសនោះ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ការជួយគ្នាក្នុងគ្រាលំបាកគឺ ជាគុណធម៌ដ៏ប្រពៃ ដើម្បីគ្រួសារកក់ក្តៅ និយាយជារួម គឺគ្រួសារខ្មែររបស់យើងចេះជួយគ្នាណាស់ ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ។

សម្ភារជំនួយជួយដល់ប្រជាពលរដ្ឋដែលមានពិការភាព និងមនុស្សចាស់ជរាចំនួន ១០០គ្រួសារនៃស្រុកគងពិសី ខេត្តកំពង់ស្ពឺ រួមមានអាល់កុល ហ្សែលសម្រាប់លាងសំអាតដៃ សាប៊ូដុំ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ។

បន្ថែមពីលើនេះ លោកបានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះ លោកឧកញ៉ា អ៊ុច សម្បត្តិ ស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងលោកស្រី ហ៊ឹម សុភ័ក្រ្ត អគ្គនាយិកាដែលបានយកចិត្តទុកដាក់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់ភាពកក់ក្តៅដល់ជនមានពិការ មនុស្សវ័យចាស់ជរា ក្នុងអំឡុងពេលដ៏លំបាកនៃជំងឺដូវីដ១៩ និងអរគុណនាយកដ្ឋានសុខុមាលភាពជនពិការ សាលាស្រុកគងពិសី ដែលបានសហការរៀបចំប្រកបដោយក្តីសោមនស្សរីករាយ និងទទួលបានជោគជ័យនាឱកាសនេះ។

លោក ញ៉ឹក វណ្ណារ៉ា មានជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់សម្ភារៈឧបភោគបរិភោគ និងអនាម័យដល់ជនមានពិការភាព និងមនុសវ័យចាស់ក្នុងពេលនេះ គឺជាការលើកកំពស់សុខុមាលភាពដល់ជនមានពិការភាពក្នុងស្រុកគងពិសី ឲ្យជៀសផុតពីជំងឺកូវីដ១៩ ពិសេសរួចផុតពីភាពអត់ភាពអត់ឃ្លានក្នុងគ្រាដ៏លំបាកនេះ៕