(ភ្នំពេញ)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកកំពង់សៀម ខេត្តកំពង់ចាម បានថ្លែងនាំនូវអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រាប់ប្រជាពលរដ្ឋថា សម្តេចមិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយអត់អាហារឡើយ ពិសេសក្នុងកំលុងវិបត្តិនៃជំងឺកូវីដ១៩នេះ។

លោក វេង សាខុន ថ្លែងបែបនេះ ក្នុងឱកាសដែលលោក និងលោកស្រី ម៉ក់ ស៉ីថា រួមជាមួយសហការីនាំយកប្រគេនទៀនវស្សា គ្រឿងបរិក្ខា សំពត់ងូតចំណាំព្រះវស្សា និងបច្ច័យមួយចំនួនទៀត ប្រគេនព្រះចៅអធិការដែលគង់ចាំព្រះវស្សា នៅតាមបណ្តាវត្ត ក្នុងស្រុកកំពង់សៀម និងបាននាំយកអំណោយចែកជូនយាជី តាជីចំនួន ២០០នាក់។ ពិធីនេះ រៀបចំក្នុងវត្តបល្ល័ង្កពេជ្រ ភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម នាព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០។

បន្ទាប់ពីវេរប្រគេនគ្រឿងបរិក្ខា ទៀនព្រះវស្សា និងបច្ច័យដល់ព្រះតេជគុណព្រះសង្ឃរួចមក លោកបានសំណេះសំណាលជាមួយព្រះតេជគុណព្រះសង្ឃ និងប្រជាពលរដ្ឋ ដោយបានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងជូនប្រជាពលរដ្ឋទូទាំងស្រុកកំពង់សៀម សូមទទួលយកនូវពុទ្ធពរទាំបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានស្រុកទាំងបី និងអាជ្ញាធរមូលដ្ឋាន លោកចូលរួមអបអរសាទរថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ខួបលើកទី៦៩ (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២០)។ លោកបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ ប្រជាជនរួមសុខ រួមទុក្ខជាមួយប្រជាជន ពុះពារគ្រប់ឧបសគ្គ និងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ឥតរួញរា ដើម្បីឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ យោងលើភារកិច្ចដ៏ធំធេងនេះ «យើងត្រូវរួមគ្នាជាធ្លុងមួយដើម្បីថែរក្សា ការពារឲ្យបាននូវសុខសន្តិភាព និងស្ថិរភាពសង្គម ឈានឆ្ពោះទៅធ្វើការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព»

បន្ទាប់មក លោកប្រធានបានសំណេះសំណាល ដោយបានលើកយកប្រវត្តិនៃពិធីបុណ្យចូលព្រះវស្សា ដំណើរការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាក្នុងពេល និងក្រោយពេលជំងឺឆ្លងកូវីដ-១៩ ស្ថានភាពចុងក្រោយនៃជំងឺឆ្លងកូវីដ-១៩ តម្លៃនៃសន្តិភាព និងជាពិសេសបានរំលេចជូនពិធី ឲ្យបានជ្រាបកាន់តែច្បាស់នូវអនុសាសន៍សម្តេចតេជោ សំខាន់ៗទាំង៣ ដែលអនុសាសន៍នេះស្របទៅនឹងកាលៈទេសៈ ដែលប្រទេសជាតិកំពុងពុះពារ ឆ្លងកាត់នូវវិបត្តិសេដ្ឋកិច្ចដោយសារជំងឺឆ្លងកូវីដ១៩។

អនុសាសន៍ទាំង៣ រួមមាន៖

* ទី១៖ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងទទួលរងនូវហានិភ័យពីវិបត្តិនៃការរាលដាលជំងឺឆ្លងកូវីដ១៩ ដោយត្រូវ «ធ្វើការបណ្តុះបណ្តាល អប់រំ ណែនាំបច្ចេកទេសដល់កសិករ ក្រុមហ៊ុន និងអ្នកចិញ្ចឹមសត្វ ដាំដំណាំក្នុងស្រុក ក្នុងគោលដៅបង្កើនការផលិតស្បៀងអាហារ ដើម្បីត្រៀមបម្រុងទុកសម្រាប់តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ សំដៅធានាសន្តិសុខស្បៀង និងស្ថិរភាពតម្លៃសត្វ សាច់ បន្លែ និងត្រីជាដើមដោយត្រូវពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល»។

* ទី២៖ «យើងត្រូវតែប្រឹងប្រែង! ដើម្បីធានាថាប្រជាជនកម្ពុជាយើងគ្មាននណាម្នាក់អត់ឃ្លានដាច់បាយរហូតដល់ស្លាប់ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ»។

* និងទី៣៖ គណបក្សប្រជាជនកម្ពុជា បន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនសំបូរសប្បាយ រុងរឿង ជឿនលឿនទៅមុខ ចៀសផុតពីសង្គ្រាម ក្រោយការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ។

ក្នុងនាមប្រធានក្រុមការងារ សមាជិក សមាជិកា និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ និងណែនាំឲ្យមន្រ្តីក្រោមឱវាទ បន្តអនុវត្តអនុសាសន៍ទាំង៣ ឲ្យបានខ្ជាប់ខ្ជួន ពេញលេញ និងមានប្រសិទ្ធភាព ដើម្បីចូលរួមជាចលករជំរុញការអភិវឌ្ឍផលិត កម្មស្បៀង ធានាដល់ការផ្គត់ផ្គង់ក្នុងស្រុក យកចិត្តទុកដាក់គិតគូរដោះស្រាយបញ្ហាជីវភាព ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា គ្រប់ទីកន្លែង និងងចុងក្រោយត្រូវចូលរួមថែរក្សា ការពារសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍហើយមានការអភិវឌ្ឍទើប ធ្វើឲ្យចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០ សម្រេចទទួលបានជោគជ័យ (អរគុណសន្តិភាព)។

លោកប្រធានបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី និងវត្ថុស័ក្តិ សិទ្ធិក្នុងលោក សូមតាមជួយថែរក្សាសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រា បុត្រី, សម្តេចប្រធានរដ្ឋសភា សម្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានសុខភាពល្អបរិបូរណ៌ កម្លាំងមាំមួន មានបញ្ញាញាណភ្លឺថ្លា និងអាយុយឺនយូរតរៀងទៅ។

លោកបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិកក្រុមការងារ សប្បុរសជន ពុទ្ធបរិស័ទនៅទីជិតឆ្ងាយ ដែលបានចាប់មគ្គផលធ្វើបុណ្យរួមគ្នានាថ្ងៃនេះ សូមទទួលយកនូវផលានិសង្ឃតាមសទ្ធារៀងៗខ្លួន និងសូមទទួលយកនូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា នៅក្នុងស្រុកទាំង៣ (តំបែរ កំពង់សៀម និងជើងព្រៃ) ដែលលោកទទួលខុសត្រូវមាន ១១៧វត្ត និងអាស្រម១ ក្នុងនោះ ស្រុកតំបែរមាន ២៩វត្ត ស្រុកកំពង់សៀមមាន៤៨វត្ត អាស្រម១ និងស្រុកជើងព្រៃមាន ៤០វត្ត ដោយវត្តនីមួយៗទទួលបានទៀនព្រះវស្សា ១គូ គ្រឿងបរិក្ខាមួយចំនួន និងបច្ច័យចំនួន ១លានរៀល។ ដោយឡែក វត្តដែលទទួលរៀបចំពិធីទទួលបានថវិកាបន្ថែមចំនួន ១០០០ដុល្លារផងដែរ៕