(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់រដ្ឋាភិបាលចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា បានថ្លែងណែនាំឱ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពាររលកទីពីរ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយគោរព និងអនុវត្តឱ្យខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាតសង្គម និងវិធានការនានាតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ការថ្លែងរបស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន បែបនេះ ក្នុងពេលដឹកនាំក្រុមការងារចុះជួយក្រុងបាវិត និងស្រុកចន្ទ្រា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៣៥វត្ត ដែលស្ថិតនៅក្រុងបាវិត និងស្រុកចន្ទ្រា ខេត្តស្វាយរៀង នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ប្រារព្ធធ្វើឡើងនៅវត្តបុព្វារាម ហៅវត្តព្រៃយាយ សង្កាត់បាវិត ក្រុងបាវិត និងវត្តបទុមរង្សីហៅវត្តចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

លោក ម៉ឺង សំផន បានបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងនោះរដ្ឋាភិបាលបានផ្តល់នូវថវិកា ជួយប្រជាពលរដ្ឋក្រីក្រនៅទូទាំងប្រទេស ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងកំឡុងពេលជំងឺកូវីដ១៩ ទាំងនេះសបញ្ជាក់ឱ្យឃើញជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេចតេជោផ្ទាល់ នឹងមិនទុកឲ្យពលរដ្ឋណាមួយត្រូវស្លាប់ដោយអត់បាយ ដោយគ្មានការយកចិត្តទុកដាក់នោះទេ។

សូមបញ្ជាក់ថា ទៀនព្រះវស្សា និងទេយ្យវត្ថុរបស់លោក ម៉ឹង សំផន និងលោកស្រីព្រមទាំងក្រុមការងារប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង៣៥វត្ត នៅក្រុងបាវិត និងស្រុកចន្រ្ទា ខេត្តស្វាយរៀង រួមមាន ទៀនព្រះវស្សាចំនួន ៣៥គូ ប្រេងកាតចំនួន ១០៥០លីត្រ អង្ករចំនួន ៧តោន មីចំនួន ១៧៥កេស ត្រីខចំនួន ៣៥កេស ទឹកស៉ីអ៉ីវចំនួន ៧០យួរ ទឹកត្រីចំនួន ៧០យួរ ទឹកបរិសុទ្ធចំនួន ១៧៥កេស ទឹកក្រូចចំនួន ១៧៥កេស ទឹកដោះគោចំនួន ៣៥កេស ស្ករសចំនួន ១៧៥គីឡូក្រាម តែ ៧០គីឡូក្រាម និងបច្ច័យចំនួន ១,៧៥០ដុលារ ព្រមទាំងចែកជូនក្រមា និងថវិកាដល់យាយជីតាជីដែលចូលក្នុងកម្មវិធីនេះ៕