(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាមបានបង្កើតឱ្យមាន «ផ្សារចុងសប្តាហ៍» នៅតាមមូលដ្ឋានមួយចំនួនសម្រាប់លក់ដូរ និងផ្សព្វផ្សាយអំពីផលិតផលកសិកម្មរបស់ប្រជាកសិករ ដើម្បីលើកកម្ពស់ការរស់នៅ និងសេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជាទូទាំងពិភពលោកកំពុងជួបនូវវិបត្តិជំងឹកូវីដ-១៩។

ជាក់ស្ដែង នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យតូប និងការលក់ដូរនៅតាមផ្សារចុងសប្ដាហ៍ទាំងនេះ។

លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ផ្សារចុងសប្តាហ៍ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំផ្សារចុងសប្តាហ៍ដំណើរការ ចាប់ពីថ្ងៃទី២៧-២៨ ខែមិថុនា ឆ្នាំ២០២០ មានទីតាំងនៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម តាមបណ្តោយមាត់ទន្លេ នៃក្រុងកំពង់ចាម។

លោកបន្តថា ផ្សារចុងសប្ដាហ៍មានលក់បន្លែសុវត្តិភាព និងសេរីរាង្គផ្លែឈើ ដែលដាំដុះដោយក្រុមកសិករក្នុងខេត្តកំពង់ចាម និងមានលក់មាន់ស្រែ អង្ករ ម្សៅដំឡូងមី និងផលិតផលកសិកម្មកែច្នៃដោយសិប្បករក្នុងខេត្តជាច្រើនមុខទៀត។

លោក ឈាង បូរិន បានឲ្យដឹងទៀតថា ការបង្កើតផ្សារចុងសប្ដាហ៍នេះ អាជ្ញាធរខេត្តកំពង់ចាមមានគោលបំណងផ្សព្វផ្សាយពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ និងសហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា ដែលគាំទ្រដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) និងមានបំណងបង្កើតឱកាសសម្រាប់ក្រុមកសិករ ផលិតចាប់ដៃគូរអាជីវកម្ម ជាមួយអ្នកប្រមូលទិញធំៗក្នុងតំបន់ និងក្រៅតំបន់ ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងផលិតកម្ម ពោលគឺបង្កើតភាពអង់អាចដល់កសិករក្នុងវិស័យកសិពាណិជ្ជកម្ម និងជំរុញឲ្យមានប្រជាជនគាំទ្រផលិតផលខ្មែរឲ្យបានច្រើនជាអតិបរិមាផងដែរ៕