(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារប្រជាពលរដ្ឋក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រីមេម៉ាយគ្មានទីពឹងចំនួន ៧៤គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាត ស្ថិតក្នុងភូមិទាល់ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

ពិធីនេះត្រូវបានធ្វើឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងនោះក៏មានអញ្ជើញចូលរួមពីសំណាក់អនុប្រធានកិត្តិយសសាខា សមាជិក សមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកថាឡាបរិវ៉ាត់ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

លោក ម៉ុម សារឿន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ទន្ទឹមនឹងនោះ លោក ម៉ុម សារឿន បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបន្តការយកចិត្តទុកដាក់ថែទាំសុខភាព ព្រមទាំងប្រកាន់ភ្ជាប់នូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីការពារឲ្យបាននៅជំងឺរាតត្បាត ជំងឺកូវីដ-១៩ ដែលកំពុងកើតមានជាសាកល ជាពិសេសកំឡុងដែលប្រទេសកម្ពុជាកំពុងតែរងគ្រោះនូវជំងឺនេះដែលនោះ។ ជាមួយគ្នានេះ លោកបានជំរុញឲ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផលនារដូវវស្សានេះឲ្យបានទាន់ពេលវេលា និងចិញ្ចឹមសត្វ ដើម្បីកែប្រែជីវភាពរស់នៅឲ្យបានល្អប្រសើរ។

សូមបញ្ជាក់ថា អំណោយកាកបាទក្រហមកម្ពុជាដែលផ្តល់ជូនដល់ប្រជាពលរដ្ឋនាពលនេះ ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះទាំង ៧៤គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម ត្រីខ ១យួរ មី ១កេស និងឃីតមួយ (មានមុង ១ ភួយ ១ ក្រមា ១ សារុង ១ និងអាវយឺត១)។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្តបានចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវ ស្ពាន លូក្នុងភូមិអូររៃ ឃុំអូររៃ ស្រុកថាឡាបរិវាត់ ផងដែរ៕