​(ភ្នំពេញ)៖ អ្នកស្រី ចាក់កេលីន បាកាវាន់ (Jacqueline Bhagavan) ដែលបានគ្រងតំណែង ជាបវរកញ្ញាឯក​ ក្នុងកម្មវិធី កាលីហ្វ័រញ៉ា អាមេរិក ឆ្នាំ២០១៥ (California-America 2015) ​មានដើមកំណើតជាខែ្មរ រស់នៅសហរដ្ឋអាមេរិក បានសន្យាថា អ្នកស្រីនឹងសហការ ជាមួយក្រសួងទេសចរណ៍ ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាអគ្គរាជទូតសុច្ឆន្ទៈ របស់ក្រសួងទេសចរណ៍ នឹងផ្សព្វផ្សាយ នូវទិដ្ឋភាព​តំបន់សក្តានុពលរបស់កម្ពុជា ទៅកាន់សកលលោក តាមរយៈគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងឲ្យគេបានស្គាល់ ពីតំបន់ទេសចរណ៍ របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញ់អារម្មណ៍ពួកគេ ឲ្យ​មកដើរលេងកម្សាន្តនៅកម្ពុជា។

លោក​ស្រីបញ្ជាក់ថា លោកស្រី គឺជាកូនខ្មែរ ដែលមានសញ្ជិតអាមេរិក លោកស្រីបានគ្រងតំណែងជា កញ្ញាឯក ក្នុងកម្មវិធី California-America 2015 ទោះបីជាលោកស្រី រស់នៅសហរដ្ឋអាមេរិកក៏ដោយ តែលោកស្រី​មិនដែលបំភ្លេចកម្ពុជា​ជាមាតុភូមិកំណើតលោកស្រី នោះទេ។ បរវរកញ្ញារូបនេះ បានប្រាប់ឲ្យដឹង នៅក្នុងសនិ្នសីទសារព័ត៌មាន នៅទីស្តីការក្រសួងទេសចរណ៍ នាល្ងាចថៃ្ង ទី១៩ ខែ មករា ឆ្នាំ២០១៦។ លោកស្រី Jacqueline Bhagavan បរវកញ្ញាឯករដ្ឋ California សហរដ្ឋអាមេរិក ជាជនជាតិអាមេរិក ដើមកំណើតកម្ពុជា ព្រមទាំងស្វាមី បានអញ្ចើញមកបំពេញទស្សនកិច្ចរយៈពេល ៤ថ្ងៃនៅកម្ពុជា។

​នៅថ្ងៃទី១៨ ខែមករា ឆ្នាំ ២០១៦នេះ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសមស្វែងយល់ ពីការអភិវឌ្ឍវិស័យទេចរណ៍ នៅព្រះរាជាណាចក្រកម្ពុជា។ លោក ថោង ខុន បានអនុញ្ញាត្តិឲ្យ លោកស្រីនិងស្វាមីចូលជួបសម្តែង ការគួរសម ជម្រាបជូនពីកិច្ចការមួយចំនួន ក្នុងឋានៈលោកស្រីជាកញ្ញាឯក California ។

ថ្លែងនៅក្នុងឱកាសនោះ លោក ថោង ខុន បានជម្រាបជូនលោកស្រី និងស្វាមីថា​ វិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនគួរ ឲ្យកត់សម្គាល់និងសូមឲ្យលោកស្រី ជួយកិច្ចការផ្សព្វផ្សាយបន្ត សម្រាប់ឲ្យភ្ញៀវទេសចរអាមេរិក មកទស្សនាកម្ពុជាឲ្យបានច្រើន ។

លោកស្រី Jacqueline Bhagavan បានឆ្លើយតបថា​ អ្នកស្រីនឹងខិតខំប្រើប្រាស់កិត្តិនាមរបស់អ្នកស្រី នៅប្រទេសអាមេរិក ​នឹងផ្សព្វផ្សាយកិច្ចការនេះ តាមរយៈបណ្តាញសង្គម ផ្ទាល់របស់អ្នកស្រី។ អ្នកស្រីសង្ឃឹម ថានឹងមានការរីកចម្រើនលូតលាស់ រវាងទេសចរអាមេរិក មកទស្សនាប្រទេសកម្ពុជា ដែលជាមាតុភូមិរបស់អ្នកស្រី កាន់តែច្រើនថែមទៀត ៕