(កំពង់ចាម)៖ ទន្ទឹមនឹងពិភពលោក រួមទាំងប្រទេសកម្ពុជាផងនោះ បានជួបនូវវិបត្តិជំងឺកូវីដ១៩ ក្រៅពីជំរុញការដាំដុះ អាជ្ញាធរខេត្តកំពង់ចាម បានបង្កើតផ្សារចុងសប្តាហ៍ សម្រាប់ឲ្យលក់ដូរ និងផ្សព្វផ្សាយ ផលិតផលកសិកម្ម ដើម្បីជួយជ្រោមជ្រែងដល់ប្រជាកសិករ។

នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈពេលលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារចុះពិនិត្យតូបលក់ដូរនោះ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា ផ្សារចុងសប្តាហ៍ មន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) បានរៀបចំផ្សារចុងសប្តាហ៍ដំណើរការ ចាប់ពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៧-២៨ ខែមិថុនា ឆ្នាំ២០២០នេះ មានទីតាំង នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម តាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម។

លោកបន្តថា ផ្សារចុងសប្ដាហ៍មានលក់បន្លែសុវត្ថិភាព និងសេរីរាង្គផ្លែឈើ ដែលដាំដុះដោយក្រុមកសិករក្នុងខេត្តកំពង់ចាម និងមានលក់មាន់ស្រែ, អង្ករ ,ម្សៅដំឡូងមី និងផលិតផលកសិកម្ម កែច្នៃដោយសិប្បករក្នុងខេត្តជាច្រើនមុខទៀត។

លោក ឈាង បូរិន បានឲ្យដឹងទៀតថាការបង្កើត ផ្សារចុងសប្ដាហ៍ អាជ្ញាធរខេត្តកំពង់ចាម មានគោលបំណងផ្សព្វផ្សាយពីផលិតផលកសិកម្ម ដែលផលិតដោយក្រុមកសិករ និងសហគមន៍កសិកម្ម អ្នកប្រមូលទិញ សហគ្រាសនានា ដែលគាំទ្រដោយគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(AIMS) និងមានបំណងបង្កើតឱកាសសម្រាប់ក្រុមកសិករ ផលិតចាប់ដៃគូរអាជីវកម្ម ជាមួយអ្នកប្រមូលទិញធំៗក្នុងតំបន់ និងក្រៅតំបន់ ដើម្បីឆ្លើយតប តាមតម្រូវការទីផ្សារ និងបង្កើនផលិតភាព និងផលិតកម្ម។ ពោលគឺបង្កើតភាពអង់អាចដល់កសិករ ក្នុងវិស័យកសិពាណិជ្ជកម្ម និងជំរុញឲ្យមានប្រជាជនគាំទ្រផលិតផលខ្មែរឲ្យបានច្រើនជាអតិបរិមាផងដែរ៕