(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានបដិសេធចំពោះព័ត៌មានមួយដែលចែកចាយតគ្នាតាមបណ្តាញសង្គម Facebook ថាមានការបាញ់សម្លាប់លោកឧកញ៉ា ដេវីដ ឆៃណាវ៉ា បណ្តាលឱ្យមានការជ្រួលច្របល់យ៉ាងខ្លាំង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបញ្ជាក់ថា ករណីនេះជារឿងប្រឌិតសុទ្ធសាធ ដោយបានយកសកម្មភាពថតកុន មកផ្សព្វផ្សាយដើម្បីធ្វើឱ្យមានការភាន់ច្រឡំថា មានការបាញ់សម្លាប់លោក ដេវីដ ឆៃណាវ៉ា។

ក្នុងនាមសមត្ថកិច្ច លោកឧត្តមសេនីយ៍ឯក បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គម Facebook ត្រូវគិតគូរអំពីព័ត៌មានពិតឬមិនពិតឱ្យបានច្បាស់លាស់ជាមុនសិន មុននឹងចែកចាយដល់អ្នកដទៃតាមបណ្តាញសង្គម ហើយត្រូវយល់ថា ការចែកចាយព័ត៌មានក្លែងក្លាយនឹងធ្វើឱ្យប៉ះពាល់ដល់សង្គម ប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ជាពិសេសគឺបានបង្កអសន្តិសុខសង្គម។

សូមបញ្ជាក់ថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ មានគណនី និង Page Facebook មួយចំនួន ក្នុងនោះមានឈ្មោះ Top Drama ផងដែរ បានចែករំលែករូបភាពបុគ្គលម្នាក់ដេកស្លាប់ ដោយមានស្នាមឈាមហើយអះអាងថា ជាលោកដេវីដ ឆៃណាវ៉ា ត្រូវបានគេបាញ់សម្លាប់នៅវេលាម៉ោង៤៖០០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងករណីនេះ សមត្ថកិច្ច ក៏កំពុងស្រាវជ្រាវរកអ្នកប្រឌិតព័ត៌មានក្លែងក្លាយផងដែរ។

បើតាមក្រុមការងារព័ត៌មាន និងប្រយិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការបកស្រាយ និងបដិសេធទាំងស្រុងចំពោះគណនីហ្វេសបុកមួយនៅក្រៅប្រទេសមួយមានឈ្មោះ Mich Heang ដែលបានផុសព័ត៌មានមិនពិតថាមានករណីឃាតកម្មទៅលេីលោកឧកញ៉ា ដេវីដ ឆាយណាវ៉ា នៅក្នុងបុរីប៉េងហ៊ួត ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា នេះជាព័ត៌មានមិនពិត មិនមែនជាឃាតកម្មឡើយ គ្រាន់តែជាសកម្មភាពថតកុនតែប៉ុណ្ណោះ។ នាពេលកន្លងមកបុគ្គលរូបនេះតែងតែប្រើប្រាស់គណនីហ្វេសបុកឈ្មោះ Mich Heang ផុសជេរប្រមាទ មើលងាយថ្នាក់ដឹកនាំ ជាពិសេសផុសនៅព័ត៌មានមិនពិតជាច្រើន ដើម្បីធ្វើឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសក្នុងគោលបំណងបំពុលបរិយាកាសសង្គម ក៏ដូចជាបង្កឲ្យមានចលាចល និងបង្កឲ្យមានអសន្តិសុខសង្គម ៕