(កំពង់ឆ្នាំង)៖ នៅសាលាឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ផ្នែកជីវភាព ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ រយៈពេលប៉ុន្មានខែកន្លងទៅនេះ បាននាំគ្នាមកធ្វើការផ្ទៀងផ្ទាត់ប័ណ្ណសមធម៌ ដើម្បីទទួលប្រាក់ឧបត្ថម្ភដែលផ្ដល់ជូនដោយរាជរដ្ឋាភិបាល។

លោកស្រី ជុំ ពៅ ជំទប់ទីពីរឃុំជ្រៃបាក់ ដែលមានតួនាទីកាន់ម៉ាស៊ីន ពិនិត្យផ្ទៀងផ្ទាត់ប័ណ្ណសមធម៌ បានបញ្ជាក់ថា ពាក់ព័ន្ធទៅនឹងការផ្ទៀងផ្ទាត់ប័ណ្ណសមធម៌ របស់ពលរដ្ឋក្រីក្រី ដែលងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩ ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ទាំងអស់បានយកមកផ្ទៀងផ្ទាត់ នៅសាលាឃុំសារជាថ្មី ដោយសារតែប័ណ្ណសមធម៌របស់ពួកគាត់ ដែលបានផ្ដល់ឲ្យកាលពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន គឺមានការប្រែប្រួល ដោយសារការរៀបចំថ្មីពីក្រសួងផែនការ។

លោកស្រីថា ប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌ហើយ បានយកមកពិនិត្យបញ្ជីឈ្មោះ ហើយរកមិនឃើញមានឈ្មោះនៅក្នុងបញ្ជីនោះ ពួកគាត់ក៏អាចដាក់ពាក្យ ស្នើសុំប្រាក់ឧបត្ថម្ភសារជាថ្មី មកខាងសាលាឃុំ ដើម្បីក្រុមការងាររបស់ឃុំជួយសរសេរពាក្យស្នើសុំ។ បន្ទាប់មកក្រុមការងារភូមិឃុំ និងមន្ទីរផែនការខេត្ត និងចុះទៅសម្ភាសន៍ដល់ផ្ទះរឯការជាប់ ឬធ្លាក់ គឺមន្ទីរផែនការជាអ្នកវាយតម្លៃ និងផ្ដល់ពិន្ទុជូននៅពេលក្រោយ ហេតុនេះប្រជាពលរដ្ឋទាំងអស់ ក្រោយពីធ្វើការវាយតម្លៃជាក់ស្ដែង របស់ក្រុមការងារចម្រុះ ហើយជាលទ្ធផលបានជាប់ហើយនោះ នឹងទទួលបានបា្រក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដូចៗគ្នាផងដែរ។

ដោយឡែកប្រជាពលរដ្ឋ ក្រោយពីមកពិនិត្យបញ្ជីឈ្មោះ និងប័ណ្ណសមធម៌ ដែលមានឈ្មោះនៅក្នុងបញ្ជីនេះហើយ ពួកគាត់អាចចេញទៅវិញ ដកប្រាក់បានភ្លាមៗ តាមរយៈភ្នាក់ងារវីង តែមួយគត់ដែលនៅជិតផ្ទះបងប្អូន។

ប្រជាពលរដ្ឋដែលបានមកពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៅសាលាឃុំជ្រៃបាក់ បានថ្លែងអំណរគុណ ដល់ប្រមុខនៃរាជរដ្ឋាភិបាល ដែលតែងគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ នៅតាមមូលដ្ឋានដែលកំពុងជួបការខ្វះខាត ក្នុងនោះដែរ ពួកគាត់ក៏បានជូនពរដល់សម្ដេចតេជោ ហ៊ុន សែន ជួបប្រទះតែសេចក្តីសុខ និងអាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រជាពលរដ្ឋខ្មែរ ឲ្យជួបតែសេចក្តីសុខ និងភាពសម្បូរសប្បាយជារៀងរហូតតរៀងទៅ។

លោក ចាន់ ឡេង ជំទប់ទីមួយឃុំជ្រៃបាក់ បានឲ្យដឹងថា ការរៀបចំអញ្ជើញប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៌មកពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះ នៅក្នុងសាលាឃុំជ្រៃបាក់នេះ គឺប្រព្រឹត្តទៅរយៈពេល២ថ្ងៃជាប់គ្នាមកហើយ គឺនៅថ្ងៃទី២៥-២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងរយៈពេលពីរថ្ងៃនេះ ការផ្ទៀងផ្ទាត់បញ្ជីឈ្មោះប្រជាពលរដ្ឋ បានចំនួន៣ភូមិ ក្នុងចំណោម១៦ភូមិ ក្នុងឃុំជ្រៃបាក់ ក្នុងនោះប្រជាពលរដ្ឋចំនួន៩៣គ្រួសារ ដែលមានឈ្មោះនៅក្នុងប្រព័ន្ធ ប័ណ្ណសមធម៌ ចំណែក៣២គ្រួសារ មានប័ណ្ណសមធម៌ដែរ តែមិនមានឈ្មោះនៅក្នុងបញ្ជី។

តែទោះជាយ៉ាងនេះក្តី លោកពន្យល់ប្រជាពលរដ្ឋ ដែលមិនមានឈ្មោះនៅក្នុងប្រព័ន្ធដែរថា ដោយសុំឲ្យពួកគាត់មានការយោគយល់ ហើយពួកគាត់ អាចដាក់ពាក្យស្នើសុំមកខាងសាលាឃុំសារជាថ្មី។ បន្ទាប់ពីដាក់ពាក្យហើយខាងអាជ្ញាធរភូមិឃុំ និងមន្ទីរផែនការ នឹងចុះទៅដល់ផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីពិនិត្យលទ្ធភាពជាក់ស្ដែង នឹងធ្វើការសម្ភាសន៍សាជាថ្មីម្ដងទៀត មិនថាអ្នកដែលមានប័ណ្ណសមធម៌ហើយ តែមិនមានឈ្មោះនៅក្នុងប្រព័ន្ធនោះទេ ប្រជាពលរដ្ឋទូទៅនៅក្នុងឃុំ ក៏អាចដាក់ពាក្យស្នើសុំការឧបត្ថម្ភនូវថវិកា ពីរាជរដ្ឋាភិបាលបានដែរ ប្រសិនបើបងប្អូនជួបបញ្ហាផ្នែកជីវភាព ក្នុងអំឡុងពេលប្រយុទ្ធជំងឺកូវីដ-១៩នេះ ពិតប្រាកដមែន៕