(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលឧត្ដរមានជ័យ និងជាប្រធានកិត្តិយសគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា បងប្អូនអតីតយុទ្ធជន គឺជាអ្នកលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តបូជានូវសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ ហើយក៏ជាអ្នកដែលចូលរួម ក្នុងសកម្មភាពគោលនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន រហូតឱ្យទទួលបានសុខសន្តិភាពទូទាំងប្រទេស និងធ្វើឱ្យមានការរីកចម្រើនគ្រប់វិស័យ។

ការលើកឡើងបែបនេះ របស់លោក ប៉ែន កុសល្យ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោករួមជាមួយលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន សមាជិកគណៈកម្មាធិការកណ្តាល សមាគមអតីយទ្ធជនកម្ពុជា បានចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន១៧០គ្រួសារ ស្ថិតនៅភូមិស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ក្នុងឱកាសអបអរសាទរខួបលើកទី១៣ ទិវាអតីតយុទ្ធជនកម្ពុជា២១មិថុនា ដោយមានសមាសភាពចូលរួមជាង ២០០នាក់។

លោក ប៉ែន កុសល្យ ក៏បានថ្លែងពាំនាំនូវការផ្ដាំផ្ញើការសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារអតីយុទ្ធជនទាំងអស់ ដែលជានិច្ចជាកាលសម្ដេចទាំងពី តែងតែគិតគូរពីសុខទុក្ខជីវភាព រស់នៅរបស់បងប្អូន និងបានដោះស្រាយរាល់ការលំបាករបស់បងប្អូនជាប់ជានិច្ច។

លោកអភិបាលខេត្ត បានសំណូមពរឱ្យបងប្អូនអតីតយុទ្ធជន ត្រូវចូលរួមការពារសុខសន្តិភាព ដែលមានដូចសព្វថ្ងៃនេះ ជាមួយនឹងការរំឮកឱ្យបងប្អូនត្រូវចងចាំទំរាំប្រទេសកម្ពុយើង ទទួលបាននូវសុខសន្តិភាពដូចសព្វថ្ងៃ យើងទាំងអស់គ្នាបានឆ្លងកាត់ការ លំបាកច្រើនណាស់ បងប្អូនខ្លះបែបបាក់គ្រួសារ ខ្លះពិការទាំងអស់នេះហើយ គឺកើតឡើងដោយសារសង្គ្រាម ដើម្បីចៀសឱ្យផុតពីការលំបាកទាំងអស់នេះ យើងទាំងអស់គ្នាត្រូវរួមគ្នារក្សាឱ្យបាននូវសន្តិភាព និងសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផល ដើម្បីជួយលើកស្ទួយកម្រិតជីវភាពរស់នៅក្នុងគ្រួសារ និងត្រូវចេះអនាម័យ ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ជូន ដល់បងប្អូនអីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន នៅពេលនេះ គឺចំនួន១៧០គ្រួសារ ក្នុងមួយ គ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី០១កេស ត្រីខ០១យួរ ម៉ុង០១ ផួយ០១ និងថវិកា ចំនួន ០២ម៉ឺនរៀល ផងដែរ។ អំណោយទាំងនេះ ថ្វីត្បិតតែវាមិនច្រើនក្តីតែអាចជួយសម្រាល និងដោះស្រាយក្នុងការខ្វះខាតបានមួយរយៈពេលផងដែ សំខាន់គឺបងប្អូនត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល ដើម្បីឱ្យគ្រួសារមានជីវភាពធូធារបន្ថែមទៀត៕