(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា (គណៈកម្មការអង្កេត បាសសំអាត និងប្រឆាំងអំពើពុករលួយ) និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្រីស្រ្តីទើបសម្រាលកូនចំនួន៦២គ្រួសារ ដើម្បីជួយដោះស្រាយដល់ជីវភាពប្រជាពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ (Covid-19) ស្ថិតក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ម៉ម ប៊ុននាង បានលើកឡើងថា នៅប្រទេសកម្ពុជាយើងអាស្រ័យដោយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងជំនាញពាក់ព័ន្ធទាំងអស់ក្តាប់ជាប់ និងគ្រប់គ្រងសភាពការបានល្អ ហើយបានត្រៀមលក្ខណៈទុកជាមុន និងបានដាក់ចេញនូវបណ្តាវិធានការ ទប់ស្កាត់ការពារបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ទើបស្ថានភាពនៃជំងឺនេះ បានធូរស្រាលហើយការចម្លង ក៏មិនមានរីករាលដាលដល់ក្នុងសហគមន៍។

ជាមួយគ្នាដូចនេះ ប្រធានគណៈកម្មការបានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវចូលរួមថែរក្សាការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារឱ្យបានល្អ សូមឧស្សាហ៍ដុសលាងសម្អាតមុខមាត់ ដៃជើង និងខ្លួនប្រាណជាមួយសាប៊ូ ឬសារធាតុសម្លាប់មេរោគ ដើម្បីទប់ស្កាត់ការឆ្លងរោគផ្សេងៗ ជាពិសេសត្រូវចូលរួមហាត់កីឡា និងទទួលទានទឹកឱ្យបានច្រើន នៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

លោកបានបញ្ជាក់ថា ក្នុងពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានប្រកាសអនុវត្តន៍កម្មវិធី ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ មានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលគោលបំណងធំរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវកម្មវិធីនេះ គឺជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងទទួលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ដោយរួមបញ្ចូលផងដែរ នូវអ្នកបាត់បង់ការងារ ឬអ្នកបាត់បង់ចំណូល ដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។ ការដាក់ចេញនូវកម្មវិធី នេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ។

ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានផ្តាំផ្ញើដល់អាជ្ញាធរ មានសមត្ថកិច្ចក្រុមប្រក្សាឃុំទាំងអស់ ត្រូវបន្តអនុវត្តជារៀងរាល់ថ្ងៃ នូវយុទ្ធនាការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីវិធានការបង្ការ និងទប់ស្កាត់នៃការរីករាលដាល ជំងឺកូវីដ១៩ តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក៏ដូចជាមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់ អាជ្ញាធរស្របតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺការផ្តល់សេវាសាធារណៈ ដែលជាតម្រូវការយ៉ាងសំខាន់ សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

នៅក្នុងឱកាសនោះ លោកបាននាំយកអំណោយ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ និងស្ត្រីទើបសម្រាលកូនមកពី៥ភូមិ គឺភូមិស្លែង ភូមិត្រពាំងបាគូ ភូមិដំណាក់ត្របែក ភូមិព្រៃទទឹង និងភូមិតាឡឹក ស្ថិតនៅឃុំត្រពាំងវែង ស្រុកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានប្រជាពលរដ្ឋសរុប៦២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានមី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូ ប៊ីចេងកន្លះគីឡូ សារុង១ និងថវិកា ៥ម៉ឺនរៀល។ ព្រមទាំងបានផ្តល់ថវិកាដល់គ្រួសារសពចំនួន៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ថវិកា២០ម៉ឺនរៀល ដែលចំណាយថវិកាសរុមចំនួន៩,២០០,០០០ រៀល៕