(ភ្នំពេញ)៖ លោកស្រី អ៉ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌកំបូល នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ប្រាប់សមាជិក សមាជិកា ត្រូវយល់ឱ្យច្បាស់ពីតួនាទី និងភារកិច្ច ព្រោះជាកម្លាំងបន្តវេន និងជាកម្លាំងជួរមុខនៅមូលដ្ឋាន ដូច្នេះត្រូវរៀនសូត្រ មានសាមគ្គីភាព បន្តអនុវត្តទង្វើល្អបម្រើប្រជាពលរដ្ឋ។

ការថ្លែងរបស់លោកស្រី អ៉ឹង គន្ថាផាវី ធ្វើឡើងក្នុងឱកាសអញ្ជើញ រៀបចំពិធីប្រកាសក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌកំបូល ជាមួយលោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ ក្នុងនោះ លោក ឃឹម ស៊ុនសូដា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ ត្រូវបានតែតាំងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខណ្ឌ អមដោយអនុប្រធាន០៦រូប និងសមាជិក សមាជិកា សរុប៦១រូប។

ក្នុងឱកាសនោះ លោក នួន ផារ័ត្ន បានផ្តាំផ្ញើដល់យុវជនគណក្សប្រជាជនកម្ពុជា ត្រូវតែជឿជាក់លើការដឹកនាំ និងអរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងឥស្សរៈជនគណបក្សដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ។

ក្នុងនាមយុវជនគណបក្សយុវជនគណបក្សដែលជាកោសិកា និងជាកម្លាំងស្នូលនៃគណបក្សប្រជាជនកម្ពុជា ត្រូវស្វែងយល់អំពីរចនាសម្ព័ន្ធចាត់តាំងរបស់បក្ស បុព្វហេតុ ការលះបង់របស់ថ្នាក់ដឹកនាំបក្ស ស្នាដៃ និងសមិទ្ធផលនានា និងតម្លៃ នៃសន្តិភាព ជាពិសេសយល់ឲ្យបានច្បាស់អំពីសេចក្តីសម្រេចចិត្ត និងកម្មវិធីនយោបាយរបស់គណបក្សដើម្បីបន្តអនុវត្ត និងចូលរួមកសាងបក្សឲ្យបានរឹងមាំបន្ថែមទៀត។

លោកស្រី អ៉ឹង គន្ថាផាវី ក៏បានផ្តាំផ្ញើជូនសមាជិក សមាជិកា ត្រូវយល់ឲ្យច្បាស់ពីតួនាទី និងភារកិច្ច ព្រោះយើងជាកម្លាំងបន្តវេន និងជាកម្លាំងជួរមុខនៅមូលដ្ឋាន ដូច្នេះត្រូវរៀនសូត្រ មានសាមគ្គីភាព បន្តអនុវត្តទង្វើល្អ បម្រើប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយកម្មវិធីនយោបាយរបស់បក្ស និងត្រៀមលក្ខណៈ ដើម្បីយកជ័យជំនះក្នុងការបោះឆ្នោតឆ្នាំ២០២៣ខាងមុខនេះ៕