(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក ជាម ប៉េអា អ្នកតំណាងរាស្ត្រខេត្តព្រៃវែង ព្រមទាំងមិត្តរួមវិទ្យាល័យកំពង់ធំ បានរួមគ្នាជួយលើកស្ទួយវិស័យសិល្បៈបុរាណខ្មែរ តាមរយៈធ្វើសកម្មភាពមនុស្សធម៌ជួយទ្រទ្រង់ដល់ជីវភាពរបស់សាស្ត្រាចារ្យ និងសិស្សរបាំបុរាណ។

លោក វ៉ី សំណាង ព្រមទាំងមិត្តរួមវិទ្យាល័យបានរួមគ្នារៃអង្គាសថវិការបស់ពួកគេ ព្រមទាំងស្បៀងអាហារជូនទៅសាស្ត្រាចារ្យ និងសិស្សរបាំបុរាណនេះ។ នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ លោក វ៉ី សំណាង ព្រមទាំងមិត្តរួមវិទ្យាល័យ បាននាំយកថវិកា និងស្បៀងអាហារទាំងនេះទៅជូនដល់សាស្ត្រាចារ្យ និងសិស្សរបាំបុរាណ។

ថវិកាកើតចេញពីទឹកចិត្តសប្បុរសធម៌យកទៅជូនសាស្ត្រាចារ្យ និងសិស្សរបាំបុរាណនេះ រួមមាន៖ ប្រាក់ដុល្លារ ១,៤២៥ដុល្លារ និងប្រាក់រៀល ចំនួន ១លាន ៧០ម៉ឺនរៀល។ ក្រៅពីថវិកានៅមានគ្រឿងឧបភោគ និងបរិភោគមួយចំនួនរួមមាន៖ អង្ករចំនួន៤៥បាវ, មីជាតិ ១៤កេស, ទឹកត្រី ៤៥យួរ, ទឹកស៊ីអ៉ីវ ៤៥យួរ, សាប៊ូម្សៅ ៣កេស, ភេសជ្ជៈ ៤៥កេស, ម៉ាសការពារ ២៥ប្រអប់ និងអាល់កុល ៣កាន។

លោក វ៉ី សំណាង និងមិត្តរួមវិទ្យាល័យទាំងអស់ បានថ្លែងថា អំណោយជាថវិកា និងគ្រឿងឧបភោគ បរិភោគកើតចេញពីសមានចិត្តនេះ ជាការរួមចំណែកដោះស្រាយការលំបាកក្នុងជីវភាពរបស់សាស្ត្រាចារ្យ និងសិស្សរបាំបុរាណ។ មួយវិញទៀតកាយវិការទាំងនេះជាការបង្ហាញឱ្យឃើញគាំទ្រ និងលើកស្ទួយចំពោះរបាំបុរាណ ដែលជាមរតកវប្បធម៌ដ៏ឧត្តមរបស់ខ្មែរ។

លោកអភិបាលខេត្ត និងមិត្តរួមវិទ្យាល័យបានគូសបញ្ជាក់ថា លោកនឹងបន្តធ្វើសកម្មភាពបែបនេះជាបន្តបន្ទាប់ទៀត ដើម្បីជួយទ្រទ្រង់ដល់ជីវភាពសាស្ត្រចារ្យ និងសិស្សរបាំបុរាណ។

លោកសាស្ត្រ និងសិស្សរបាំបុរាណខ្មែរ បានសម្តែងការរីករាយ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះអតីតសិស្សវិទ្យាល័យកំពង់ធំទាំងអស់ ដែលបានបើកលំហរបេះដូងបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយដល់ពួកគាត់។ ពួកគាត់បានចាត់ទុកកាយវិការនេះ ជាការបង្ហាញនូវសមានចិត្តដ៏ពិសិដ្ឋជួយដល់សាស្ត្រចារ្យ និងសិស្សរបាំបុរាណខ្មែរ ដែលមានជីវភាពមិនសូវជាធូធារនោះ៕