(ត្បូងឃ្មុំ)៖ លោក វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា បានអញ្ជើញមកសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំទឹកជ្រៅ និងនាំយកអំណោយ មកចែកជូនប្រជាពលរដ្ឋ ដែលខ្វះខាតស្បៀងចំនួន ១៥០គ្រួសារ មកពីឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ និងប្រគេនទៀនវស្សា ជូនវត្តទូទាំងស្រុកតំបែរ ចំនួន២៩វត្ត។

ពិធីនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ក៏មានការចូលរួមពី លោក ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកតំបែរ អមដំណើរជាមួយដោយសហការីផងដែរ។

លោក សុខ សារិទ្ធ អភិបាលស្រុក បានអានរបាយការណ៍ជូនអង្គពិធីជ្រាបអំពីសមិទ្ធផលសំខាន់ៗ ដែលស្រុកតំបែរ ជាពិសេសឃុំទឹកជ្រៅ និងឃុំនាងទើត សម្រេចបាន ក្នុងរយៈពេលកន្លងមកមានជាអាទិ៍៖ ការងារបង្កបង្កើនផល វិធានការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ សន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ការផ្តល់សេវាសាធារណ: ការបង្គ្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ការដោះស្រាយបញ្ហាជីវភាពជូនប្រជាជន -ល-។

លោកបញ្ជាក់ថា កិច្ចការទាំងអស់នេះ សម្រេចទទួលបានលទ្ធផលល្អ គឺអាស្រ័យដោយមានការចង្អុលបង្ហាញណែនាំឧបត្ថម្ភ គាំទ្រដោយផ្ទាល់ពីលោកប្រធាន ក្រុមការងារ និងសហការី ដែលជានិច្ចកាលមិនថា ឡើយមានធុរៈមមាញឹកដឹកនាំការងារនៅក្រសួង សូម្បីថ្ងៃឈប់សម្រាកចុងសប្តាហ៍ ក៏លោកប្រធាន អនុប្រធាន សមាជិក សមាជិកា បានព្យាយាមចុះមូលដ្ឋានដែលលោកទទួល ខុសត្រូវ ដើម្បីអនុវត្តអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈវេទិកា សាធារណៈ ក្នុងបំណងពិនិត្យតាមដានការងារទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ បញ្ហាជីវភាព សេចក្តីសុខចម្រើន ទុក្ខលំបាក និងគិតគូដោះស្រាយសំណូមពរ ជូនប្រជាពលរដ្ឋបំណងចូលរួមអភិវឌ្ឍមូលដ្ឋានឲ្យមានការរីកចម្រើន បង្កើតភាពសុខដុមរមនាក្នុងសង្គម ។

ជាពិសេសសកម្មភាពមនុស្សធម៌ ដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ រន្ទះបាញ់ ខ្យល់កន្រ្ទាក់ ចាស់ជរាគ្មានទីពឹង និងចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការកសាង និងជួសជុលផ្លូវលំ សាលារៀន លូទឹក បង្គោលភ្លើង របងសាលា ចាក់ដី -ល-។ សកម្មភាពទាំងអស់នេះ បានស្តែងឲ្យឃើញថា ស្រុកតំបែរនាពេលបច្ចុប្បន្នមាន ការកែប្រែមុខមាត់ថ្មីជាដុំកំភួនគួរឲ្យកត់សម្គាល់ (ផ្លូវលំជនបទ សាលារៀន វត្តអារាម បណ្តាញអគ្គីសនី ស្នាក់ការគណបក្ស មន្ទីរពេទ្យបង្អែក និងជីវភាពត្រូវបានកែលម្អជាបន្តបន្ទាប់)។

ជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទាំង១៥០គ្រួសារ អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក និងសមាជិក សមាជិកា ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំទឹកជ្រៅ និងឃុំនាងទើតប្រមាណ២៥០នាក់ លោកប្រធាន វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត មកជូនបងប្អូនឃុំទឹកជ្រៅ និងឃុំនាងទើត ហើយសម្តេចបានជូនពរ ឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗ ក្រុមគ្រួសារឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន សុភមង្គល និងមានសុខភាពល្អ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។

បន្ទាប់មក លោក វេង សាខុន បានជម្រាបជូនប្រជាពលរដ្ឋ អំពីសភាពការណ៍របស់ប្រទេសជាតិ ស្ថានភាពជំងឺកូវីដ-១៩ ជីវភាព ការងារបង្កបង្កើនផល ការទទួលសេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ការអនុវត្តគោលនយោបាយក៣ និងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបទប្បញ្ញាត្តិរបស់រាជរដ្ឋាភិបាល ទាក់ទងនឹងវិធានការទប់ស្កាត់ ការរីករាលដាលជំងឺឆ្លងសកលកូវីដ-១៩ -ល-។

ភ្ជាប់ទៅនឹងពិធីចែកអំណោយនាព្រឹកនេះ លោកប្រធានក្រុមការងារ បានថ្លែងថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី «យើងត្រូវតែប្រឹងប្រែង! ដើម្បីធានាថា ប្រជាជនកម្ពុជាយើងគ្មាននណាម្នាក់ អត់ឃ្លានដាច់បាយរហូតដល់ស្លាប់ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ»

ក្នុងនាមប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋាន លោកបានខិតខំយកអស់កំលាំងកាយចិត្ត និងស្មារតីទទួលខុសត្រូវ លើរាល់បញ្ហាគ្រប់បែបយ៉ាងនៅមូលដ្ឋាន ជាពិសេសបញ្ហាជីវភាព ហើយជាក់ស្តែងគិតមកទល់ថ្ងៃនេះ ប្រជាពលរដ្ឋដែលមានបញ្ហាជីវភាពចំនួន ១,១០០គ្រួសារ ត្រូវបានទទួលអំណោយ ជាគ្រឿងឧបភោគ-បរិភោគ ពីក្រុមការងារបានទាន់ពេលវេលា ហើយសង្ឃឹមថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ នឹងមានជាបន្ត បន្ទាប់ទៀតនៅទូទាំងស្រុក។

ភ្ជាប់ទៅនឹងសមិទ្ធផលដ៏ថ្មីរបស់បងប្អូន គឺស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលប្រគល់ជូនសមាជិកគណបក្សសម្រាប់ប្រើប្រាស់នាថ្ងៃនេះ លោកបានថ្លែងអំណរគុណ ដល់ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះមូលដ្ឋានឃុំទឹកជ្រៅ និងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមបរិច្ចាគជាថវិកាជាកម្លាំង ដើម្បីជួសជុលទីស្នាក់ការនេះឡើង សម្រាប់ប្រើប្រាស់ជាប្រយោជន៍បម្រើ ឲ្យសកម្មភាពការងារគណបក្ស និងសកម្មភាពសង្គមផ្សេងៗទៀត។

លោកស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានជួយមើលថែរក្សា ការពារឲ្យបានគង់វង្សយូអង្វែង ទុកជាសម្បត្តិរួមរបស់បក្សទាំងពេលបច្ចុប្បន្ន និងអនាគត។ ដោយឡែក សម្រាប់សម្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់បន្ថែមទៀត លើការងារគ្រប់គ្រងអនាម័យ និងបរិស្ថាន (ទឹក និងសំរាម) ចាត់វិធានការទប់ស្កាត់ និងបង្គ្រាបឲ្យកាន់តែមានប្រសិទ្ធភាព លើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសង ជល់មាន់ បងធំ -ល-។ ធ្វើយ៉ាងណាធានាសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។

ក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋាន លោកប្រធាន វេង សាខុន ស្នើឲ្យបងប្អូនចូលរួមថែរក្សាសន្តិភាព ឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសជាតិយើង ធ្វើការអភិវឌ្ឍឲ្យកាន់តែមានការរីកចម្រើន ប្រកបដោយចីរភាព និងនិរន្តរភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

សម្រាប់អំណោយនាព្រឹកនេះ ក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូ, មី១កេះ, ត្រីខ១យួ, ទឹកត្រី១យួ, ទឹកស៊ីអីវ១យួ, ឆៃប៉ូវ២គីឡូ និងថវិកា២ម៉ឺនរៀល។ ដោយឡែក ព្រះចៅអធិការទាំង២៩វត្ត ក្នុងមួយវត្តៗ ទទួលបានទានមួយគូរ គ្រឿងបរិក្ខា និងថវិកា១លានរៀលផងដែរ៕