(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រោមបញ្ជាលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត សុភ័ក្រវាសនា មេបញ្ជាការអាវុធហត្ថស្រុកឆ្លូង ដោយមានការសម្របសម្រួលពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត នៅយប់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ បានចុះបង្រ្កាបករណីជួញដូរនូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅស្រុកឆ្លូង ខេត្តក្រចេះ។

លោក ផាត សុភក្រ័វាសនា បានថ្លែងប្រាប់ភ្នាក់ព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៧ ខែមិថុនានេះថា ប្រតិបត្តការបង្រ្កាបនេះ នៅគោលដៅ២ផ្សេងគ្នា គឺគោលដៅទី១ ស្ថិតនៅភូមិជ្រោយថ្មក្រោម ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងគោលដៅទី២ ស្ថិតនៅភូមិស្រែផល ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង។

ជនសង្ស័យទាំង២នាក់រួមមានទី១៖ ឈ្មោះ យូសុះ សុខក្រី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅល្វាធំ ឃុំព្រែសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងទី២៖ ឈ្មោះ ណាវី សូទី ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មានទំលំនៅភូមិ ស្រែផល ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន៥កញ្ចប់, ទូរស័ព្ទ១គ្រឿង, កន្រ្តៃ១, ដាវកែច្នៃចំនួន១ដើម, ម៉ូតូចំនួន១គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងមួយចំនួន។

បច្ចប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវរក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកឆ្លូង ដើម្បីបំពេញនីតិវិធីច្បាប់៕