(សៀមរាប)៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចុះអប់រំ និងផ្សព្វផ្សាយដល់ប្រជាការពារ អំពីការប្រើប្រាស់ឯកសណ្ឋានឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលច្បាប់កំណត់ ដើម្បីជៀសវាងនាំឲ្យមានយល់ច្រឡំពីប្រជាពលរដ្ឋ។

សកម្មភាពអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងដោយ លោកឧត្ដមសេនីយ៍ត្រី តូច សាកល ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី តូច សាកល បានដឹក នាំ ក្រុម ការងារ ចម្រុះរបស់ការិយាល័យ បុគ្គលិក និងការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា បាន ចុះ សាកសួរសុខទុក្ខប្រជាការពារ និងណែនាំអំពីការប្រើប្រាស់ឯកសណ្ឋានប្រជាការពារកុំឲ្យមានការភ័ន្តច្រឡំនឹងឯកសណ្ឋាននគរបាលជាតិ នៅក្នុងបរិវេណវត្តកេសរារាម ស្ថិតក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

គួរជម្រាបថា ការចុះអប់រំផ្សព្វផ្សាយនេះ គឺផ្ដើមចេញពីករណីមួយនាពេលកន្លងទៅនេះ ដោយកម្លាំងសមត្ថកិច្ចចម្រុះ បានចុះរៀបចំសណ្ដាប់ធ្នាប់ ពេលនោះមានប្រជាការពារម្នាក់ បានយកសោចាក់កង់រថយន្ដនៅស្ថានីយ៍ប្រេងមួយកន្លែង នៅក្រុងសៀមរាប។

ប៉ុន្ដែក្នុងប្រតិបត្តិការនោះ ប្រជាការពារខាងលើបានប្រើប្រាស់ឯកសណ្ឋានមិនត្រឹមត្រូវ ដោយពាក់ឯកសណ្ឋានជាមន្ដ្រីនគរបាលជាតិ ទើបធ្វើឲ្យមានយល់ច្រឡំ។ ក្រោយមកស្នងការដ្ឋាននគរបាលខេត្ត ក៏បានចេញបកស្រាយ និងអប់រំប្រជាការពារនោះផងដែរ៕