(កណ្ដាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញឱ្យមន្ត្រីក្រោមឱវាទទាំងអស់នៅខេត្តកណ្តាល ត្រូវចុះត្រួតពិនិត្យតាមដានរាល់អាជីវកម្មរ៉ែ អាជីវកម្មជីរណ្តៅដី និងការដឹកជញ្ជូនខ្សាច់-ដី ថ្ម គ្រួស ណា ដែលកំពុងធ្វើអាជីវកម្មដោយគ្មានច្បាប់ត្រឹមត្រូវ ដើម្បីណែនាំឱ្យពួកគាត់មកចុះបញ្ជីតាមច្បាប់ ហើយប្រសិនបើម្ចាស់អាជីវកម្មណា មិនស្តាប់តាមការណែនាំរបស់មន្ត្រី នឹងប្រឈមការបិទអាជីវកម្មតែម្តង។

អភិបាលក៏ព្រមានបិទចោលផងដែរ នូវដេប៉ូ និងអាជីវកម្មរ៉ែណាដែលមានច្បាប់ហើយ ប៉ុន្តែមិនគោរពតាមសារាចរណ៍ណែនាំ និងមិនគោរពច្បាប់ចរាចរណ៍។

ការជំរុញបែបនេះ របស់លោកអភិបាលខេត្តកណ្តាល បានធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋ នាំគ្នារិះគន់ និងសម្តែងការព្រួយបារម្ភក្នុងការធ្វើដំណើរតាមដងផ្លូវ ខណៈក្រុមអ្នកបើករថយន្តដឹកនាំដី ខ្សាច់ ថ្ម និងគ្រួស បើកលើផ្លូវយ៉ាងអាណាធិបតេយ្យពេលខ្លះបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរដោយការធ្វេសប្រហែសរបស់ពួកគេជាដើម។

ក្នុងកិច្ចប្រជុំជាមួយអាជីវករធ្វើអាជីវកម្មដេប៉ូខ្សាច់ ជីករណ្ដៅដី ការដឹកជញ្ជូនខ្សាច់-ដី ថ្ម គ្រួស និងអ្នកលក់ដូរតាមចំណីផ្លូវ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល នៅបរិវេណវត្តតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា៖ «មន្ត្រីពាក់ព័ន្ធទាំងអស់នៅខេត្តកណ្តាល ត្រូវគិតគូរពីបញ្ហាអាជីវកម្មរ៉ែមួយចំនួន បាននិងកំពុងលួចលាក់ធ្វើអាជីវកម្មដោយគ្មានច្បាប់ត្រឹមត្រូវ បញ្ហានេះនាំឱ្យកើតមានហានិភ័យផ្សេងៗដល់សង្គម ហើយបិទអាជីវកម្មចោលតែម្ដងទៅ បើសិនអាជីវកម្មណានៅតែរឹងទទឹងមិនគោរពតាមគោលការណ៍ច្បាប់ពាក់ព័ន្ធ»

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ ទៅលើក្រុមឡានដឹកជញ្ជូនសារធាតុរ៉ែ ពីបញ្ហាកំពប់ហៀរហូរខ្សាច់-ដី ថ្ម គ្រួស ហុយពេញផ្លូវក្នុងទីក្រុងតាខ្មៅ និងតាមបណ្ដាស្រុកមួយចំនួន ដែលជាបញ្ហាចោទនេះ នាំឱ្យប្រជាពលរដ្ឋក្ដៅក្រហាយ បង្ករហានិភ័យ និងភ័យព្រួយគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ ហើយពិសេសបាត់បង់កេរ្តិ៍ឈ្មោះទីក្រុងស្អាតអាស៊ាន ដែលរដ្ឋបាលខេត្តកណ្ដាល បានខិតខំប្រឹងប្រែង ទម្រាំតែបានជោគជ័យជាលក្ខណៈអន្តរជាតិមកដល់សព្វថ្ងៃនេះ។

លោក គង់ សោភ័ណ្ឌ ក៏បានចុចចំមន្ត្រីពាក់ព័ន្ធទាំងអស់ សូមបើកភ្នែកមើល និងដោះស្រាយបន្ទាន់លើបញ្ហាខាងលើទាំងនេះ ហើយត្រូវធ្វើឱ្យមានប្រសិទ្ធភាព ត្រូវធ្វើយ៉ាងណាកុំធ្វើឱ្យខ្លួនជាប់ជំពាក់ដែលជាដើមចមនៃការបន្ទុចបង្អាក់មិនហ៊ានអនុវត្តន៍វិធានការនានា ដែលនាំឱ្យកើតជាបញ្ហាទៅថ្ងៃខាងមុខ។

ស្ថិតនៅក្នុងឱកាសនេះដែរ ប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហានេះ បានលើកឡើងជាសំណើរ និងត្អូញត្អែរចំពោះការដឹកដី-ខ្សាច់ ថ្ម គ្រួស ដែលបង្ករបញ្ហាផ្សេង ប៉ះពាល់ និងបង្ករហានិភ័យ នៅចំពោះមុខអភិបាលខេត្តកណ្ដាល ខណៈដែលលោកអភិបាលខេត្តយល់ព្រមទទួលយកទៅដោះស្រាយ។

ទន្ទឹមនឹងនេះ លោកអភិបាលបានលើកឡើងថា ទីក្រុងតាខ្មៅ ជាក្រុងទេសចរណ៍ ដែលកំពុងតែទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលនេះជាសញ្ញាណល្អសម្រាប់ខេត្ត ហើយត្រូវតែលុបបំបាត់ឱ្យបាននូវបញ្ហាដែលទាំងនេះ។ ប៉ុន្តែបើសិនមិនអាចធ្វើបានទេចំណុចនេះ អាជីវកម្មណានោះ នឹងត្រូវបិទអាជីវកម្មភ្លាមៗតែម្ដង៕