(ភ្នំពេញ)៖ អភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញមកច្រានចោល និងបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ នៅលើបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួន ដែលបានចោទប្រកាន់ថា អាជ្ញាធរខណ្ឌរំលោភយកដីប្រឡាយ បម្រើជាផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ម៉ូវ ម៉ានិត បានអះអាងថា នៅក្នុងឆ្នាំ២០១១កន្លងទៅ ប្រជាពលរដ្ឋម្ចាស់ក្បាលដីឡូតិ៍ ទាំង១៧ក្បាលដី ដែលពាក់ព័ន្ធការជីកប្រឡាយបឹងកាបែន ទៅទួលសំពៅប្រវែង៥១០ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី បានបរិច្ចាកដីទំហំ១០ម៉ែត្រ ក្នុងក្បាលដីនីមួយៗ ដើម្បីបានដីទទឹងទំហំ២០ម៉ែត្រ ហើយការជីកប្រឡាយទទឹងទំហំ ១០ម៉ែត្រ និងសម្រាប់ធ្វើផ្លូវចេញចូលតាមមាត់ប្រឡាយទំហំ៥ម៉ែត្រម្ខាង។

ដោយក្នុងនោះ ម្ចាស់ដីឡូតិ៍ចំនួន១៥ បានឯកភាពទៅតាមសំណូមពររបស់អាជ្ញាធរ ហើយបានសំណូមពរថា សុំឲ្យគ្រឿងចក្រកាយអាចម៌ដីទុកឲ្យម្ចាស់ដីឡូតិ៍, សុំបង្កប់លូកាត់ផ្លូវមាត់ប្រឡាយ ដើម្បីបង្ហូរទឹកចេញពីដីឡូតិ៍, សុំឲ្យមន្ទីរជំនាញផ្តល់វិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុថ្មី ក្រោយពេលកាត់ដីធ្វើប្រឡាយ និងផ្លូវរួចដោយមិនចំណាយ លើសេវាផ្សេងៗ និងសុំសាលារាជធានីភ្នំពេញ ផ្តល់ស្ពានដែកមួយខ្សែឆ្លងកាត់ប្រឡាយក្រោយពេលជីករួច។

ដោយឡែក លោក ចាន់ តារា ម្ចាស់ក្បាលដីលេខ១៨៥ និងលេខ៤១៣ មានក្បាលដីប្រវែង៨៨ម៉ែត្រ មិនទាន់ឯកភាពនៅឡើយ ដោយសុំទុកពេលពិចារណាព្រោះជាប់បំពេញភារកិច្ចចុះតាមមូលដ្ឋាន។