(ភ្នំពេញ)៖ នៅក្នុងកិច្ចប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ «ការលើកកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល» នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចែករំលែកនូវទស្សនៈសំខាន់៦ចំណុច ដល់មេដឹកនាំអាស៊ាន ដើម្បីលើកម្ពស់តួនាទីស្ត្រីក្នុងយុគសម័យឌីជីថល។

ការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩ បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរស ទាំងក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតា គ្របដណ្ដប់លើកម្មករ-និយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ ការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកថាជាកាលានុវត្តភាព និងកាតាលីករថ្មីមួយសម្រាប់ពន្លឿនការសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។ ជាក់ស្តែងការចូលរួមចំណែករបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។ ហេតុនេះ រដ្ឋាភិបាលប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ត្រូវរួមគ្នាបង្កើតបរិយាកាសមួយអំណោយផល ដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាព និងសក្តានុពលថ្មីទាំងនេះ។

សម្តេចតេជោ បានថ្លែងទៀតថា ក្នុងន័យនេះ យើងគួរបន្តផ្តល់អាទិភាពខ្ពស់ចំពោះការលើកម្ពស់តួនាទី ស្ត្រីក្នុងយុគសម័យឌីជីថល ដោយផ្តោតលើការងារដូចខាងក្រោម៖

ទី១៖ បង្កើនការផ្តល់សេវា និងលើកកម្ពស់ការទទួលបានសេវារបស់ស្ត្រី និងកុមារី ក្នុងការប្រើប្រាស់ សេវា ICT តាមរយៈ៖ ការផ្តល់សេវា និងទីកន្លែង ដែលស្ត្រីអាចប្រើប្រាស់សេវា ICT ដោយងាយស្រួល និងមានសុវត្ថិភាព និងការវិនិយោគ និងការរៀបចំគោលនយោបាយ ប្រកបដោយបរិយាប័ន្ន សំដៅផ្តល់សេវា ICT ក្នុងថ្លៃសមរម្យ (affordable ICT service)។

ទី២៖ ផ្តោតការយកចិត្តទុកដាក់លើការអប់រំផ្នែក STEAM ដែលអាចឱ្យស្ត្រី និងកុមារី ទទួលបានចំណេះដឹងថ្មីៗពាក់ព័ន្ធនឹង ICT។

ទី៣៖ បន្តលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈការបង្កើនការ- យល់ដឹងអំពីការអភិវឌ្ឍអាជីវកម្មសំខាន់ៗ ជាពិសេសសម្រាប់សហគ្រាសធុនតូច និងមធ្យម និងវិស័យ ICT ពង្រីកវិសាលភាពគ្របដណ្ដប់នៃប្រព័ន្ធគាំពារសង្គម និងរៀបចំដាក់វិធានការលើកស្ទួយតួនាទីរបស់ស្ត្រីក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ទៅក្នុងក្របខណ្ឌនៃផែនការស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិកូវីដ-១៩។

ទី៤៖ រៀបចំប្រព័ន្ធបរិស្ថាន (Ecosystem) មួយ ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់សហគ្រាសកម្រិត និងមធ្យម និងសហគ្រិនជាស្ត្រី ដោយយកចិត្តទុកដាក់ដល់ការបញ្ញាបច្ចេកវិទ្យាឌីជីថល, ការទទួលបានធនធានហិរញ្ញវត្ថុ, ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាព ។ល។ ដើម្បីជំរុញការអភិវឌ្ឍធុរកិច្ចថ្មីៗ ក្នុងវិស័យឌីជីថល។

ទី៥៖ ពង្រឹងជំនាញ ដូចជាអក្ខរកម្មឌីជីថល (Digital literacy) និងការការពារអត្តសញ្ញាណ ដើម្បីឱ្យស្ត្រីអាចទទួលបានប្រយោជន៍ពេញលេញ និងប្រកបដោយសុវត្ថិភាពពីសេដ្ឋកិច្ចឌីជីថល។

ទី៦៖ លើកកម្ពស់គំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តន៍នានា (Best practice) ពាក់ព័ន្ធនឹងការលើក ស្ទួយតួនាទីស្ត្រីលើផ្នែកបច្ចេកវិទ្យាឌីជីថល ព្រមទាំងចែករំលែក និងផ្លាស់ប្តូរបទពិសោធរវាង ប្រទេសសមាជិកអាស៊ាន៕