(សៀមរាប)៖ ថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួងនាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ រួមទាំងបច្ច័យប្រគេនដល់ព្រះសង្ឃចំនួន០៧ វត្តរួមមាន៖ ទីសក្ការបូជា ព្រះអង្គចេក ព្រះអង្គចម វត្តព្រះព្រហ្មរ័ត្ន វត្តបូណ៍ វត្តឥន្ទបត្តបុរីអង្គរ ខាងជើង វត្តឥន្ទបត្តបុរីអង្គរខាងត្បូង វត្តព្រះក្រាល និងវត្តព្រះអង្គធំ ឋិតក្នុងទឹកដីខេត្តសៀមរាប។

ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុទាំងនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមន្រ្តីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន និងពុទ្ធបរិស័ទចំណុះជើងវត្ត ជិតឆ្ងាយ និងមានការប្រារព្វពិធីតាមបែបព្រះពុទ្ធសាសនាដូចជា៖ ធ្វើកិច្ចនមស្សការ ថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនទៀនទេយ្យវត្ថុ និងគ្រឿងបរិក្ខារប្រគេនដល់ព្រះសង្ឃផងដែរ។

ពិធីនេះរៀបចំឡើងដើម្បីថ្វាយប្រគេនព្រះសង្ឃ សម្រាប់ប្រើប្រាស់តាមតម្រូវការខណៈពេលដែលព្រះសង្ឃ នឹងគង់ចាំព្រះវស្សារយៈពេល៣ខែក្នុងរដូវវស្សា មិនអនុញ្ញាតឱ្យនិមន្តទៅទីឆ្ងាយ ដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្តែងធម៌ទេសនាដោយ តាំងចិត្តនិមិត្តត្រឡប់មកវិញក្នុងរយៈពេល៧ថ្ងៃ និងជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនសូត្រធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ទៀនព្រះវស្សា និងទេយ្យវត្ថុដែលត្រូវបាននាំយកទៅប្រគេនដល់ព្រះសង្ឃចំនួន ៧វត្ត នាឱកាសនោះ ក្នុងមួយវត្តទទួលបានទៀនវស្សា ផ្កាឈូក ផ្កាម្លិះ ផ្លែឈើ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកក្រូច អង្ករ ប្រេងឆា ស្លាដក ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស អំបិល ប៊ីចេង ខ្ទឹម តែ ទឹកដោះគោ និងមីម៉ាម៉ា។

ពិធីនេះរៀបចំឡើងដើម្បីឧទ្ទិសកុសលផលបុណ្យ និងបួងសួងសុំសេចក្តីសុខសេចក្តីចម្រើនកើតមានដល់ ក្រុមគ្រួសារមន្ត្រីរាជការក្រោមឱវាទក្រសួង ក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឱ្យទទួលបានសុខ សន្តិភាព និងការអភិវឌ្ឍក្រោមការដឹកនាំដ៏ភ្លឺស្វាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែដឹកនាំមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន នាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅតាមវត្ដ អារាមនានាដើម្បីចូលរួមចំណែកដល់ការទ្រទ្រង់ព្រះពុទ្ធសាសនា ដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ដោយហេតុថា ព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឲ្យប្រព្រឹត្តនូវអំពើល្អ ចេះស្រឡាញ់រាប់អាន ជួយយកអាសារគ្នា សាមគ្គីភាពរឹងមាំនិងនាំឱ្យសង្គមរស់ នៅដោយសុខដុមរម្យនាផងដែរ៕