(ភ្នំពេញ)៖ ដោយមើលឃើញការអត្ថាធិប្បាយ ការអាន និងការសរសេរអក្សររបស់ពិធីករ ពិធីការិនី និងអ្នកអាន អ្នកសរសេរព័ត៌មានរបស់ស្ថានីយទូរទស្សន៏ មួយចំនួននៅមានការខ្វះខាត ខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសតួនាទីជាដើមនោះ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងព័ត៌មានបានអញ្ជើញ តំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា ទៅប្រជុំពិភាក្សាដើម្បីពង្រឹងនូវចំណុចខ្វះខាតទាំងអស់នោះឡើងវិញ។

លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មានដែលជាអ្នកដឹកនាំកិច្ចប្រជុំពិភាក្សាបានលើកឡើងថា មួយរយៈនេះ ដោយមើលឃើញថា នៅតាមស្ថានីយ ទូរទស្សន៏មួយចំនួន នៅមានការខ្វះខាត ចន្លោះប្រហោងនៅឡើយ ជាពិសេសពាក់ព័ន្ធការសរសេរ ការអត្ថាធិប្បាយ ឬការអានព័ត៌មានជាដើមនៅខុសអក្ខរាវិរុទ្ធ សរសេរឬអានឈ្មោះ តួនាទីថ្នាក់ដឹកនាំ និងឈ្មោះប្រទេសនានាមានការខុសច្រើន ទើបលោកសុំគោលការណ៍ និងទទួលបានការឯកភាពតំណាងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញតំណាងស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា មកប្រជុំពិភាក្សាគ្នាដើម្បីរិះរកមធ្យោបាយពង្រឹងការងារនេះបន្ថែមទៀត។

លោក ជុំ កុសល បានលើកឡើងថា កញ្ចក់ទូរទស្សន៏ប្រៀបដូចជាសាលារៀនដ៏ធំមួយ ព្រោះមានមនុស្សរាប់លាននាក់ទស្សនា ដូចនេះ បើយើងសរសេរអក្សរ អាន ឬអត្ថាធិប្បាយខុសអក្ខរាវិរុទ្ធ ខុសឈ្មោះ ខុសតួនាទី ខុសឋានៈ ជាពិសេសឈ្មោះ តួនាទីថ្នាក់ដឹកនាំនានាជាដើម វានឹងនាំអោយអ្នកទស្សនា អ្នកស្ដាប់ក៏ យល់ខុស សរសេរខុសទៅតាមនោះដែរ។

ក្នុងនោះលោកក៏បានស្នើសុំអោយថ្នាក់ដឹកនាំ អ្នកទទួលខុសត្រូវនៅតាមស្ថានីយទូរទស្សន៏នានាជួយពង្រឹង បង្រៀន និងណែនាំដល់ពិធីករ ពិធីការិនី អ្នកអាន អ្នកសរសេរព័ត៌មានរបស់ខ្លួន ត្រូវខិតខំពង្រឹងនូវភាពទទួលខុសត្រូវ លើការងាររបស់ខ្លួនអោយបានខ្ពស់ជៀសវាង មានកំហុសដែលនឹងជះឥទ្ធិពលអាក្រក់ដល់អ្នកទស្សនា។

លោកបានបន្តថា ពិធីករ ពិធីការិនីគួរតែឧស្សាហ៏ធ្វើអត្ថាធិប្បាយរំលឹកនូវវិធានការថ្មីៗ ដែលរាជរដ្ឋាភិបាលដាក់ចេញ ដូចជាបច្ចុប្បន្ននេះ បញ្ហាពង្រឹងច្បាប់ចរាចរ បើកបរត្រូវនាំគ្នាគោរពច្បាប់ បញ្ហាបង្កា និងទប់ស្កាត់ជម្ងឺកូវីដ-១៩ជាដើម។

ដោយឡែកតំណាងស្ថានីយទូរទស្សន៍មួយចំនួន ក៏បានលើកឡើងពីផលលំបាកដោយសារតែពិធីករ ពិធីការិនី និងអ្នកសរសេរ អ្នកអានព័ត៌មានមួយចំនួនចំណេះ ដឹងការងាររបស់ខ្លួននៅមានកម្រិត អ្នកខ្លះបទពិសោធន៏ការងារតិច តែទោះយ៉ាងណាក៏តំណាងស្ថានីយទូរទស្សន៍ ទាំងអស់នឹងខិតខំធ្វើការពង្រឹងបន្ថែមទៀតទាំង អក្ខរាវិរុទ្ធ ទាំងការអត្ថាធិប្បាយ​ ការសរសេរ ការអានជាដើម។

ចុងក្រោយគណៈអធិបតី និងសមាជិកអង្គប្រជុំទាំងអស់បានឯកភាពគ្នា រកគោលការណ៏រួមក្នុងការសរសេរ ការធ្វើអត្ថាធិប្បាយ ការអានឈ្មោះ តួនាទី ឋានៈថ្នាក់ ដឹកនាំ និងឈ្មោះប្រទេស ដើម្បីសុំការឯកភាពពីថ្នាក់ដឹកនាំសំរាប់ទុកប្រើប្រាស់ អោយមានស្តង់ដាររួមតែមួយ៕