(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែងដឹកនាំដោយលោក សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា និងអ្នកស្ម័គ្រចិត្ត បានចុះសួរសុខទុក្ខកម្មករ-កម្មការិនី ដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍៣២នាក់ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែងអ្នកលឿង។

លោក សុខ ផេង បានពាំនាំប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ជា សុមេធី ប្រធានគណៈកម្មាធិកាសាខា និងចូលរួមសោកស្ដាយជាមួយកម្មករកម្មការិនីរោងចក្រ ដែលទទួលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យមានរងរបួសធ្ងន់ស្រាល និងបាត់បង់អាយុជីវិតដល់ពួកគេចំនួន២នាក់នោះ ផងដែរ។

រណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា នៅស្រុកកៀនស្វាយ រវាងរថយន្តដឹកដីបុករថយន្តដឹកកម្មករ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សស្លាប់កើនដល់៣នាក់ និងរងរបួសធ្ងន់ស្រាលកើនដល់៥២នាក់ តែសម្រាប់អ្នករបួសត្រូវបានសង្រ្គោះបន្ទាន់នៅឯខាងមន្ទីរពេទ្យស្រុកពាមរ ខេត្តព្រៃវែង និងខ្លះទៀតត្រូវបញ្ជូនមកភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ១ វេលាម៉ោង១៨៖២០នាទីចន្លោះគីឡូម៉ែត្រ ៤៨-៤៩ ត្រង់ចំណុចភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ គេឃើញឡានដឹកដីបើកក្នុង ល្បឿនលឿន ហើយពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅផ្លូវខាងគេ រួចបុកនឹងឡានដឹកកម្មករ-កម្មការនី ពេញទំហឹងតែម្ដង បណ្ដាលឱ្យក្រុមកម្មករ-កម្មការិនី ប៉ើងហោះធ្លាក់ព្រាតមក លើថ្នល់ បណ្ដាលឱ្យស្លាប់ខ្លះ និងរបួសធ្ងន់ខ្លះ ហើយខ្លះប៉ើងធ្លាក់ចូលអូរក្បែរផ្លូវ ដែលសំណាងល្អអូរគ្មានទឹកសំបូរស្មៅ ទើបមិនរបួសធ្ងន់។ រីឯលោកអ្នកបើកឡានដឹកដីវិញ ជាប់កាប៊ីនឡានស្លាប់ភ្លាមៗ នៅនឹងកន្លែងផងដែរ។

របាយការណ៍បានឲ្យដឹងទៀតថា ពេលកើតហេតុភ្លាមៗ នគរបាលបានហៅឡានសង្រ្គោះបន្ទាន់មកជួយទាន់ពេលវេលា ខណៈខ្លះត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ ហើយមួយចំនួនធំ ទៅព្យាបាលនៅស្រុកពាមរ ខេត្តព្រៃវែង។

ចំពោះសម្ភារដែលផ្ដល់ជូននោះក្នុងម្នាក់ៗទទូលបាន៖ ទឹកដោះគោឆៅ ២យួរ ស្ករស ១គីឡូ អាវ៥ និងថវិកា ១០ម៉ឺនរៀល៕