(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍​ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា គិតរហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លង ហើយសម្រាកព្យាបាលជំងឺកូវីដ១៩ នៅប្រទេសម៉ាលី បានជាសះស្បើយអស់ហើយ។ ចំណែកករណីឆ្លងថ្មីលើទាហានកម្ពុជានៅទីនោះ ក៏មិនមានទៀតដែរ។

លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា «គិតរហូតដល់ពេលនេះ កងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ នៅសាធារណរដ្ឋម៉ាលី ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ បានជាសះស្បើយទាំងស្រុងហើយ ដោយមិនមានករណីឆ្លងថ្មីលើទាហានកម្ពុជាទៀតឡើយ»

ប្រទេសម៉ាលី មានកងកម្លាំងរក្សាសន្តិភាពកម្ពុជា១០នាក់ ដែលបានទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ បានឆ្លងជំងឺកូវីដ១៩ ជាបន្តបន្ទាប់ ក្នុងនោះមានម្នាក់បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ និង៩នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។ ក្រៅពីប្រទេសម៉ាលី នៅប្រទេស៤ផ្សេងទៀតដែលកម្ពុជាបញ្ជូនកងកម្លាំងទៅបំពេញបេសកកម្មមនុស្សធម៌ដែរនោះ មិនមានកងកម្លាំងរក្សាសន្តិភាពកម្ពុជា ឆ្លងជំងឺកូវីដ១៩ទេ។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា៖ «ទោះបីជាពិភពលោក បានប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក៏រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការពារជាតិ មិនបានរាថយក្នុងការបញ្ជូនកងកម្លាំងទៅបំពេញប្រតិបត្តិការការងារមនុស្សធម៌តាមរយៈអង្គការសហប្រជាជាតិ នៅក្រៅប្រទេសនោះឡើយ»

លោកបន្តថា៖ ក្រសួងការពារជាតិ នៅតែបន្តយកចិត្តទុកដាក់តាមដាន ណែនាំជាប់ជាប្រចាំ និងបានក្រើនរំលឹកដល់កងកម្លាំងរបស់ខ្លួនទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19។

រហូតដល់ពេលនេះ កម្ពុជាមានកងកម្លាំង៥កង សរុបចំនួន៧៨៧នាក់ កំពុងបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ក្នុងនោះមានលីបង់, ស៊ូដង់, ស៊ូដង់ខាងត្បូង, ម៉ាលី និងអាហ្វ្រិកកណ្តាល៕