(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានលើកឡើងថា បើទោះបីប្រទេសកម្ពុជា កំពុងតែជាប់ដៃប្រយុទ្ធប្រឆាំង នឹងការរាត្បាតជំងឺកូវីដ-១៩ ក្តី ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនភ្លេចការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនជាដាច់ខាត។

ការលើកឡើងបែបនេះ របស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាព ក្នុងទិវាអន្តរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀន ជាង៤៧៧គីឡូក្រាម ដែលបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ព្រមទាំងអភិបាលខេត្ត និងតំណាងមួយចំនួន នៅកោះពេជ្រ រាជធានីភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងយ៉ាងដូច្នេះថា៖ «ស្ថានភាពជំងឺកូវីដ-១៩ បាននិងកំពុងនៅបន្ត រាលត្បាតនោះ រាជរដ្ឋាភិបាល អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀននៅតែបន្ត ពង្រឹងនូវការអនុវត្តនូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗរបស់ខ្លួនឱ្យកាន់ តែសកម្ម និងផុលផុសថែមទៀត ពិសេស គឺការអនុវត្តនូវផែនការជាតិ០៥ឆ្នាំ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន (២០១៨-២០២៣)»

ជាមួយគ្នានេះដែរ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរូបនេះ បានបង្ហាញក្តីជឿជាក់ថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ ការបន្តដំណើរការ លុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកន្លែងកម្សាន្តសប្បាយការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុង មជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពន្ធនាគារ, ការចូលរួមកសាងភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន, ការបន្តចូលរួមសហការជាមួយប្រទេស ជាប់ព្រំដែនប្រទេសក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុងគោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភា ព ស្របទៅតាមបរិបទ នៃការឆ្លងរាលត្បាតជាសកលនៃជំងឺកូវីដ-១៩។

ពាក់ព័ន្ធនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងបទល្មើសគ្រឿងញៀននេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដាស់តឿនដល់ អ្នកពាក់ព័ន្ធទាំងអស់គួរគប្បីយកចិត្តទុកដាក់អនុវត្ត ឱ្យមានប្រសិទ្ធភាពទៅតាមតួនាទី និងភារកិច្ចពាក់ព័ន្ធរបស់ក្រសួង ស្ថាប័ន និងអង្គភាពរៀងៗខ្លួន។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងនាមថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សូមថ្លែងអំណរគុណ និងកោតសរសើរ ដោយស្មោះចំពោះគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសហការគ្នាល្អ និងសូមកោតសរសើរដោយស្មោះចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការនៅតាមក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការជាដៃគូជាតិ អន្តរជាតិ សប្បុរសជន សិល្បករ សិល្បការនី ពិធីករ ពិធីការនី អាជីវករ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួម និងគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជានឹងសង្ឃឹមថាប្រពៃណីដ៏ល្អថ្លៃថ្លានេះនឹងស្ថិតនៅជាបន្តទៀត ដើម្បីទទួលបានលទ្ធផលថ្មីៗបន្ថែមនាពេលខាងមុខ។

សូមបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២០នេះ មានករណីគ្រឿងញៀន ជាង ៥ពាន់ករណី ដោយឃាត់មនុស្សបាន ១០,២១៣នាក់ និងប្រមូលបានគ្រឿងញៀនជិត ៣០០គីឡូក្រាមទៀត រួមទាំងសម្ភារខុសច្បាប់មួយចំនួនផងដែរ៕