(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានបញ្ជាក់ថា នៅក្នុងរយៈពេលដើម៥ខែ ឆ្នាំ២០២០ មានអ្នកជាសះស្បើយពីគ្រឿងញៀន សរុប២.៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន៣.៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋាន សុខាភិបាល ក្នុងរាជធានីភ្នំពេញ មានចំនួន ១.៨៤៦នាក់។

ការបញ្ជាក់បែបនេះរបស់ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ជាអធិបតីភាពក្នុងទិវា អន្តរជាតិប្រយុទ្ធនឹងគ្រឿងញៀន និងការដុតបំផ្លាញគ្រឿងញៀនជាង៤៧៧គីឡូក្រាម ដែលបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ព្រមទាំងអភិបាលខេត្ត និងតំណាងមួយចំនួន នៅកោះពេជ្រ រាជធានីភ្នំពេញ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅក្នុងរយៈពេលដើម ៥ខែនេះ យើងបានធ្វើសមាហរណកម្មអ្នកជាសះស្បើយពីគ្រឿងញៀនចូល-ចេញពីមណ្ឌលរបស់រដ្ឋ និងឯកជនសរុបចំនួន ២.៥៣៣នាក់, អ្នកកំពុងស្នាក់នៅបន្តព្យាបាលក្នុងមណ្ឌលមានចំនួន ៣.៩៦៨នាក់ និងអ្នកដែលកំពុងទទួលយកសេវាព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ក្នុងរាជធានីភ្នំពេញ មានចំនួន ១.៨៤៦នាក់»។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថា ទោះបីកម្ពុជាមានបញ្ហាវិបត្តិជំងឺកូវីដ-១៩ក្តី ក្នុងរយៈពេល ៥ខែនេះអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមន្ត្រីពាក់ព័ន្ធបានធ្វើការផ្សព្វផ្សាយ អប់រំ គ្របដណ្តប់អ្នកបានទទួលសារចំនួនជាង ២លាន ១សែននាក់។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា បើទោះបីស្ថានភាពជំងឺកូវីដ-១៩ បាននិងកំពុងនៅបន្តរាលត្បាតនោះរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅតែបន្តពង្រឹងនូវការអនុវត្តនូវទិសដៅជាយុទ្ធសាស្រ្តសំខាន់ៗរបស់ខ្លួនឱ្យកាន់ តែសកម្ម និងផុលផុសថែមទៀត ពិសេសគឺការអនុវត្តនូវផែនការជាតិ ០៥ឆ្នាំ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀន (២០១៨-២០២៣)។

ប្រធានអាជ្ញាធរគ្រឿងញៀនរូបនេះ បានបន្ថែមថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ឆ្នាំ២០២០ ការបន្តដំណើរការលុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយ ជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីកន្លែងកម្សាន្តសប្បាយ ការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុងមជ្ឈមណ្ឌលព្យាបាល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងពន្ធនាគារ, ការចូលរួមកសាងភូមិ ឃុំ សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមព្រំដែន, ការបន្តចូលរួមសហការជាមួយប្រទេសជាប់ព្រំដែន ប្រទេសក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុងគោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀន ឱ្យមានប្រសិទ្ធភាព ស្របទៅតាមបរិបទនៃការឆ្លងរាលត្បាតជាសកលនៃជំងឺកូវីដ-១៩។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងាដែលបានខិតខំប្រឹងប្រែងក្នុងពេលកន្លង មកនេះ ទាំងលើការងារផ្សព្វផ្សាយអប់រំ, ការងារអនុវត្តច្បាប់, ការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន, ការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ការរៀបចំ និងចាត់ចែងមូលនិធិជាតិ សម្រាប់ការប្រយុទ្ធ ប្រឆាំងគ្រឿងញៀន, ការចលនាឱ្យមានការចូលរួម និងគាំទ្រពីវិស័យឯកជនការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ អន្តរជាតិជា មួយប្រទេសក្នុងតំបន់ និងអន្តរជាតិ ការកំពុងដំណើរការលុបបំបាត់ឱ្យបានទាំងស្រុងនូវការចែកចាយជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមទីកន្លែងកម្សាន្តសប្បាយដែលទាំងនេះ គឺជាលទ្ធផល និងសកម្មភាពឆ្លើយតបដែលយើងបាននឹងកំពុងអនុវត្តយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា។

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រីក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេសកម្ពុជា ចូលរួមរាយការណ៍ ផ្តល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីចូលរួមលុបបំបាត់ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿង ជាពិសេសសូមកុំខ្លាចចំពោះការរាយការណ៍បទល្មើសគ្រឿងញៀនឱ្យសោះ ដើម្បីជាសំណាញរួមគ្នាបង្ក្រាប ទប់ស្កាត់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានផងដែរ៕