(ភ្នំពេញ)៖ អាជ្ញាធរ និងកម្លាំងនគរបាល បានបើកប្រតិបត្តិការបង្ក្រាបទីតាំងល្បែងភ្នាល់តាម Internet Online ហៅថា (Joker) យីហោឈ្មោះ ជា ម៉ាឡុង ដែលបង្កប់ល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទ រហូតឈានដល់ការឃាត់ខ្លួន មនុស្ស ចំនួន១២នាក់ ក្នុងនោះមានក្មេង៤នាក់ ស្រី៣នាក់ ព្រមទាំងដកហូតវត្ថុតាងកុំព្យូទ័រ១៩គ្រឿង ស៉ីប៊ីយូ១៩គ្រឿង និងម៉ូន័រទ័រ១៩គ្រឿង ស្ថិតនៅខាងជើង សណ្ឋាគារ (បុប្ផារាជធានី) ប្រហែល២០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោយពីកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានបង្ក្រាបម្ដងរួចមកហើយ កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ដោយឃាត់ខ្លួនមនុស្សមួយចំនួន និងដកហូត សម្ភារវត្ថុតាងជាច្រើន ដើម្បីទប់ស្កាត់រាល់បទល្មើសទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះក្រោមបញ្ជារបស់លោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ ដោយបានបញ្ជាឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលខណ្ឌ សហការជាមួយលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌ និងអាជ្ញាធរសង្កាត់ ដឹកនាំដោយលោកវរសេនីយ៍ទោ អ៉ីវ ឈុនផេង អធិការរងនគរបាលខណ្ឌចុះបង្ក្រាប។

ពាក់ព័ន្ធអាជ្ញាធរមានសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការចុះបង្ក្រាបបនល្បែងភ្នាល់តាម Internet Online ហៅថា (Joker) យីហោឈ្មោះ ជា ម៉ាឡុង ដែលបង្កប់ល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទនេះ, ប្រជាពលរដ្ឋនៅតែមិនអស់ចិត្ត ហើយសំណូមយ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើយ៉ាងណាកុំឲ្យទីតាំងបនល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) ឈ្មោះ ជា ម៉ាឡុង នេះបើកដំណើរការជាថ្មីឡើងវិញឲ្យសោះ បន្ទាប់ពីបង្ក្រាប និងបិទទ្វារចោលជាស្ថាពរទាំងស្រុងជាលើកទី២ហើយ ដោយឃាត់ខ្លួនអ្នកលេងជាច្រើននាក់ និងដកហូតវត្ថុតាងជាច្រើនទៀត។

លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឫស្សីកែវ បានបញ្ជាក់ថា ដោយមានកិច្ចសហការល្អពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការតាមដានស្រាវជ្រាវ កំណត់ពីទីតាំង និងពេលវេលា នៃការប្រព្រឹត្តល្បែងស៉ីសង ទើបឈានដល់ការលបឆ្មក់បង្ក្រាបតែម្ដង ចំពោះបនល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) ឈ្មោះ ជា ម៉ាឡុង ដោយក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនមនុស្សចំនួន១២នាក់ ក្នុងនោះមានក្មេង៤នាក់ ស្រី៣នាក់ និងដកហូតវត្ថុតាងកុំព្យូទ័រ១៩គ្រឿង ស៉ីប៊ីយូ១៩គ្រឿង និងម៉ូន័រទ័រ១៩គ្រឿង។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០កន្លងទៅ លោក ជា ពិសី បានថ្លែងប្រាប់អ្នកយកព័ត៌មានអង្គភាព Fresh News ថា ទីតាំងល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) យីហោឈ្មោះ ជា ម៉ាឡុង ស្ថិតនៅជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវមួយកន្លែងដែលច្បាប់ហាមឃាត់ដាច់ខាត ពេលនេះត្រូវបានបង្ក្រាប និងបិទទ្វារចោលជាស្ថាពរហើយ ដើម្បីទប់ស្កាត់រាល់បទល្មើស ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក ប្រាជ្ញ សីហា និងលោកវរសេនីយ៍ទោ ហ៊ាង ថារ៉េត ក៏បានបញ្ជាក់ផងដែរថា ក្រោយទទួលបានសំណូមពរ របស់ប្រជាពលរដ្ឋ រិះគន់បនល្បែងភ្នាល់ស្ទើរគ្រប់ប្រភេទតាមប្រព័ន្ធ Internet Online ហៅថា (Joker) នៅខាងជើងសណ្ឋាគារ (បុប្ផារាជធានី) ប្រហែល ២០០ម៉ែត្រ តាមបណ្ដោយផ្លូវលេខ១០៥ ក្រុមទី២ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ពេលនេះត្រូវបានបង្ក្រាបហើយ ដោយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ក្នុងនោះឃាត់ខ្លួនអ្នកលេងមួយចំនួន និងដកហូតវត្ថុតាងជាច្រើន៕