(ត្បូងឃ្មុំ)៖ បន្ទាប់ពីទទួលបានព័ត៌មានពីការចែកចាយតៗគ្នាយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមហ្វេសបុក ដែលលោកយាយចាស់ជរាមេម៉ាយទីទ័លក្រ២នាក់ បានដង្ហើយហៅស្វែងរកជំនួយ ព្រោះតែមិនមានស្បៀងអាហារហូបចុកនោះ ភ្លាមៗលោកឧត្តមសេនីយ៍ទោ ហេង រតនា អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលព្រំដែន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ រួមជាមួយព្រះសង្ឃ និងក្រុមបងប្អូនមានចិត្តបុណ្យ ដែលមានបេះដូងមនុស្សធម៌តែងតែចុះជួយ ជនងាយរងគ្រោះ ចាស់ជរា ទីទាល់ក្រជួបការលំបាក បាននាំយកថវិការសម្ភារ និងស្បៀងអាហារមួយចំនួន ទៅផ្តល់ជូនដល់ខ្ទមកំសត់តែម្តង។

ថ្លែងប្រាប់លោកយាយ កែវ ហួន អាយុ៧៤ឆ្នាំ និងលោកយាយ យ៉ង ទុន អាយុ៦៩ឆ្នាំ រស់នៅក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
លោកឧត្តមសេនីយ៍ទោ ហេង រតនា បានឱ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងពីការខ្វះខាត របស់លោកយាយទាំង២ ដែលមានជីវភាពទីទ័លក្រពិតប្រាកដគ្មានទីពឹង ទើបលោក និងព្រះគ្រូចៅអធិការវត្តកោះរការ រួមទាំងក្រុមបងប្អូនមានចិត្តបុណ្យ បាននាំយកស្បៀងអាហារ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួនមកចែកជូនដើម្បីសម្រួល ជីវភាពប្រចាំថ្ងៃបានមួយគ្រា។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ហេង រតនា បានផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះលោកយាយចាស់ជរាទីទ័លក្រ ដោយក្តីអាណិតអាសូរជាពន់ពេក។

លោកឧត្តមសេនីយ៍ទោ ក៏បានណែនាំដល់ពួកគាត់ទាំងអស់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន ត្រូវថែរក្សាសុខភាពខ្លួន ដោយរក្សានូវអនាម័យជាប់ជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដើម្បីចូលរួមទប់ស្កាត់នូវរលកទី២នៃជំងឺកូវីដ១៩ នៅកម្ពុជា។

ដោយកាយវិការឆ្លើយតបយ៉ាងពេញចិត្តពេញថ្លើម និងត្រេកអររកអ្វីថ្លែងពុំបានលោកយាយ កែវ ហួន និងលោកយាយ យ៉ង ទុន បានលើកម្រាមដៃដប់អរគុណយ៉ាង ខ្លាំងបំផុតដល់សម្ដេចទាំងទ្វេរ និងលោកឧត្តមសេនីយ៍ទោ ហេង រតនា និងព្រះគ្រូចៅអធិការវត្តកោះរការ រួមទាំងក្រុមការងារកឋិនសាមគ្គី ដោយក្តីរំភើបរីករាយ បន្ទាប់ពីទទួលបានជំនួយមួយចំនួននេះដើម្បីដោះស្រាយជីវភាពចំពោះមុខ។

ចំពោះអំណោយដែលនាំយកទៅចែកជូននោះជាស្បៀងអាហារ និងសម្ភារៈរួមមាន ថវិការ៧០ម៉ឺនរៀល អង្ករចំនួន៣បេ, មីខ្លាឃ្មុំ២កេសធំ, ត្រីខ១យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, អំបិល១កញ្ចប់, ប៊ីចេង១កញ្ចប់, ស្ករស១កញ្ចប់, ទឹកសុទ្ធ០២កេស, ព្រះមួយអង្គ, គ្រឿងសក្ការៈបូជាព្រះ, ទាន០៥ដុំ, ធូប០៥ដុំ, ធូបក្រអូប០១ដុំធំ, បាឡុង០១, ស្លាដក់០២, ស្បែកជើងផ្ទាត់, ក្រម៉ា និងសម្លៀកបំពាក់មួយចំនួន៕