(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានស្នើរឱ្យក្រុមហ៊ុនសាងសង់ផ្លូវ CRBC ពន្លឿនការសាងសង់ផ្លូវជាតិលេខ៣ ក្នុងក្រុងកំពតឲ្យឆាប់រហ័សបំផុត ដោយមើលឃើញថា ការសាងសង់ផ្លូវជាតិលេខ៣ ចាប់ចំណុចពីផ្លូវរថភ្លើងក្រុងកំពត មកដល់ភ្លើងស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត មានការយឺតយ៉ាវបង្កឲ្យមានការកកស្ទះពិបាកធ្វើដំណើរ និងប៉ះពាល់ដល់ការ ប្រកបមុខរបស់រកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ដងផ្លូវ។

លោក ជាវ តាយ បានថ្លែងស្នើបែបនេះនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងាចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវជាតិលេខ៣ ចាប់ពីចំណុចផ្លូវរថភ្លើងក្នុងក្រុងកំពត មកដល់ចំណុចស្តុបផ្សារសាមគ្គីទីរួមខេត្តកំពត។

លោក ជាវ តាយ បានលើកឡើងថា គម្រោងស្ថាបនាផ្លូវជាតិលេខ៣ ចាប់ពីភ្លើងស្តុបផ្លូវបំបែកផ្សារសាមគ្គីទីរួមខេត្តកំពត ទៅដល់ផ្លូវរថភ្លើង គឺជាគម្រោងផ្លូវបេតុងសរសៃដែកមានប្រវែង ១,១០០ម៉ែត្រ ទទឹង១២.៨ម៉ែត្រ កម្រាស់ ២.៤តឹក ដាំដើមឈើសងខាងផ្លូវ រៀបចំខឿនការ៉ូឡាអមសងខាងផ្លូវប្រវែង២ម៉ែត្រ។

ក្រោយពីចាប់ផ្តើម សាងសង់អស់រយៈពេលមួយខែ ក្រុមហ៊ុនទទួលការសាងសង់ CRBC ហាក់មិនសូវបានប្រឹងប្រែង និងរកវិធីសាស្ត្រដើម្បីពន្លឿនការសាងសង់នោះទេធ្វើឲ្យផ្លូវសំខាន់ដ៏ មមាញឹកមួយនេះមានការកកស្ទះចរាចរណ៍ នៅចំណុចសាងសង់ស្ទើររាល់ថ្ងៃ ហើយការប្រកបររកស៊ីទទួលទានរបស់ពលរដ្ឋរស់នៅជាប់ផ្លូវទៀតសោតក៏ពិបាក។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានស្នើរដល់ក្រុមហ៊ុន៣ចំណុចរួមមាន៖

*ទី១៖ សូមឈប់ប្រើស៊ីម៉ង់ត៍ក្រឡុកដោយដៃ ត្រូវប្រើស៊ីម៉ង់ត៍ក្រឡុងដោយម៉ាស៊ីន ស្វាយប្រវត្តិ ហើយពេលថ្ងៃរៀបចំតម្លើងសរសៃរដែក ពេលល្ងាចចាក់ប៉េតុងរហូតដល់យប់
*ទី២៖ ត្រូវកំណត់ក្នុងមួយថ្ងៃសាងសង់ឲ្យបានប្រវែង១០០ម៉ែត្រ លើទំហំមួយចំហៀងផ្លូវ ឬសាងសង់ឲ្យរួចរាល់មួយជំហៀងផ្លូវ ក្នុងរយៈពេល១០ថ្ងៃ
*ទី៣៖ សូមជួយដាក់ប្រព័ន្ធលូបង្ហូរទឹកថ្មីនៅតាមបណ្តោយផ្លូវបេតុងសរសៃ ដែកមួយខ្សែនេះផង។

លោកអភិបាលខេត្តបានបញ្ជាក់ថា រយៈពេល១០ថ្ងៃក្រោយ នឹងចុះមកពិនិត្យមើលលទ្ធផលនៃការសាងសង់ផ្លូវបេតុងសរសៃដែកនេះម្តងទៀត ហើយសង្ឃឹមថាក្រុមហ៊ុន អាចធ្វើបានតាមការស្នើដូច ៣ចំណុចខាងលើនេះ៕