(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ជាថ្មី នៅចំពោះមុខថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន ដោយអះអាងថា កម្ពុជាសូមការគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់បញ្ចូល ប្រទេសទីម័រឡេស្តេ សមាជិកពេញសិទ្ធិរបស់អាស៊ាន។

សម្តេចតេជោបានថ្លែងទៀតថា សមាជិកភាពរបស់ទីម័រឡេស្តេនៅអាស៊ាន មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ក្នុងបរិបទនៃការប្រកួតប្រជែង ភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការសម្រេចក្ដីសុបិន របស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ។

ការថ្លែងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា យ៉ាងដូច្នេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមប្រធានបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធនឹងការស្នើសុំរបស់ទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន, ខ្ញុំសូមបញ្ជាក់ ឡើងវិញនូវការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា និងទន្ទឹងរង់ចាំការដាក់បញ្ចូលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិរបស់អាស៊ាន»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា «ខ្ញុំមានសុទិដ្ឋិនិយមថា សមាជិកភាពរបស់ទីម័រឡេស្តេ មិនត្រឹមតែមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់យើង ក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចប៉ុណ្ណោះទេ, ប៉ុន្តែថែមទាំងសម្រាប់ការសម្រេចក្ដីសុបិន របស់បិតាស្ថាបនិកអាស៊ាន ក្នុងការបង្រួបបង្រួមប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រោមឆ័ត្រអាស៊ានផងដែរ»

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់ជាយោបល់ ដល់ប្រទេសជាសមាជិកអាស៊ាន គួរបន្តធ្វើការយ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលទីម័រឡេស្តេ ដើម្បីដោះស្រាយរាល់បញ្ហាធំៗ ដែលប្រទេសនេះកំពុងជួបប្រទះ សំដៅជួយបំពេញរាល់នីតិវិធី និងលក្ខខណ្ឌតម្រូវចាំបាច់នានា ឱ្យបានឆាប់។

សូមជម្រាបថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ គិតមកដល់ពេលនេះ រយៈពេល៥៣ឆ្នាំកន្លងមកហើយ។ ប្រសិនបើប្រទេសទីម័រឡេស្តេ អាចជាសមាជិករបស់អាស៊ាន មែននោះទីម័រឡេស្តេ នឹងក្លាយទៅជាប្អូនទី១១ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលកំពុងមានសមាជិក១០ប្រទេសមួយនេះ៕