(កណ្ដាល)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបានកើតឡើងកាលពីថ្ងៃទី២៤ ខែមិថុនា នៅស្រុកកៀនស្វាយ រវាងរថយន្តដឹកដីបុករថយន្តដឹកកម្មករ គិតត្រឹមព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ មនុស្សស្លាប់កើនដល់៣នាក់ និងរងរបួសធ្ងន់ស្រាលកើនដល់៥២នាក់ តែសម្រាប់អ្នករបួសត្រូវបានសង្រ្គោះបន្ទាន់នៅឯខាងមន្ទីរពេទ្យស្រុកពាមរ ខេត្តព្រៃវែង និងខ្លះទៀតត្រូវបញ្ជូនមកភ្នំពេញ។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើកំណាត់ផ្លូវជាតិលេខ១ វេលាម៉ោង១៨៖២០នាទីចន្លោះគីឡូម៉ែត្រ ៤៨-៤៩ ត្រង់ចំណុចភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តទទួលបាននៅព្រឹកថ្ងៃនេះ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ គេឃើញឡានដឹកដីបើកក្នុង ល្បឿនលឿន ហើយពេលមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែរេចង្កូតទៅផ្លូវខាងគេ រួចបុកនឹងឡានដឹកកម្មករ-កម្មការនី ពេញទំហឹងតែម្ដង បណ្ដាលឱ្យក្រុមកម្មករ-កម្មការិនី ប៉ើងហោះធ្លាក់ព្រាតមក លើថ្នល់ បណ្ដាលឱ្យស្លាប់ខ្លះ និងរបួសធ្ងន់ខ្លះ ហើយខ្លះប៉ើងធ្លាក់ចូលអូរក្បែរផ្លូវ ដែលសំណាងល្អអូរគ្មានទឹកសំបូរស្មៅ ទើបមិនរបួសធ្ងន់។ រីឯលោកអ្នកបើកឡានដឹកដីវិញ ជាប់កាប៊ីនឡានស្លាប់ភ្លាមៗ នៅនឹងកន្លែងផងដែរ។

របាយការណ៍បានឲ្យដឹងទៀតថា ពេលកើតហេតុភ្លាមៗ នគរបាលបានហៅឡានសង្រ្គោះបន្ទាន់មកជួយទាន់ពេលវេលា ខណៈខ្លះត្រូវបញ្ជូនទៅព្យាបាលនៅភ្នំពេញ ហើយមួយចំនួនធំ ទៅព្យាបាលនៅស្រុកពាមរ ខេត្តព្រៃវែង។

គួរជម្រាបជូនថា មួយថ្ងៃបន្ទាប់ពីថ្ងៃកើតហេតុ លោកឧត្តមសេនីយ៍ត្រី វ៉ែន សុវិន ស្នងការរងទទួលផែនចរាចរណ៍ រួមដំណើរដោយលោក ឆេង សំអឿន នាយការិយាល័យចរាចរណ៍ខេត្តកណ្ដាល ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការ ឈឿន សុចិត្ត បានចុះសួរសុខទុក្ខក្រុមកម្មករ-កម្មការិនីដល់ពេទ្យផងដែរ ដោយបានថ្លែងលើកទឹកចិត្ត និងបានឧបត្ថម្ភថវិការមួយចំនួនផងដែរ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ កម្លាំងអធិការនគរបាលស្រុកកៀនស្វាយ បានកសាងសំណុំរឿងតាមនីតិវិធី៕