(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ សំណេះសំណាល និងប្រគល់អាវពោង ចំនួន ១០,០០០ (មួយម៉ឺនអាវ) ជូនកងទ័ពជើងគោកនៃព្រះរាជាណាចក្រកម្ពុជា ដែលមានគណៈប្រតិភូដឹកនាំដោយ ឧត្តមសេនីយ៍ឯក ចាន់ នន្ទវិទ្យា មេបញ្ជាការរងកងទ័ពជើងគោក។

ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងការកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងគោក ដែលបានលះបង់ខ្ពស់ក្នុងបុព្វហេតុជាតិមាតុភូមិ ការពារបូរណភាពទឹកដី និងតែងតែផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ និងគ្រប់ពេលវេលា។

ជាមួយគ្នានោះ ឧត្តមសេនីយ៍ឯក ចាន់ នន្ទវិទ្យា ក្នុងនាមកងទ័ពជើងគោក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងចងចាំជានិច្ចចំពោះគុណបំណាច់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែគិតគូរពីសុខទុក្ខរបស់កងទ័ព ជាពិសេសផ្តល់ការឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារ និងថវិកាមិនដែលអាក់ខានឡើយ។

ឧត្តមសេនីយ៍ឯក បានថ្លែងបន្តថា ការផ្តល់អំណោយជាអាវពោងទាំងនេះ ពិតជាចំនឹងពេលវេលា និងសេចក្តីត្រូវការរបស់កងទ័ព ហើយកងទ័ពជើងគោក នឹងធ្វើការគ្រប់គ្រង ថែរក្សាឱ្យបានល្អ សម្រាប់យកទៅប្រើប្រាស់ឱ្យចំគោលដៅ ជាពិសេសក្នុងប្រតិបត្តិការឆ្លើយតបគ្រោះមហន្តរាយទឹកជំនន់៕