(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ «ស្ពានភាសាចិន» លើកទី១៩ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំកម្ពុជា ក្រោមប្រធានបទ «ក្រោមមេឃ គ្រួសារតែមួយ»។

កម្មវិធីនេះរៀបចំឡើងក្រោមការចូលរួមពីលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានថ្លែងឲ្យដឹងថា «ស្ពានភាសាចិន គឺជាកម្មវិធីមួយ ដែលអាចឱ្យអ្នកសិក្សាភាសាចិន បានស្វែងយល់ពីភាសា និងវប្បធម៌ចិន ហើយក៏អាចជំរុញលើកទឹកចិត្ត ដល់យុវជន យុវតីកម្ពុជា ក៏ដូចជាជនបរទេសផ្សេងទៀត ឱ្យសិក្សាភាសាចិនផងដែរ»។

លោកបន្តថា «ជោគជ័យរបស់ក្មួយៗនៅថ្ងៃនេះ មិនមែនតែជោគជ័យសម្រាប់បុគ្គលប៉ុណ្ណោះទេ គឺជាជោគជ័យតំណាងឱ្យគ្រួសារ គ្រឹះស្ថានសិក្សា និងជាពិសេសគឺតំណាងឱ្យ ប្រទេសយើងផ្ទាល់ផងដែរ»។

លោក Wang Wentian បានថ្លែងឲ្យដឹងថា «យើងសប្បាយចិត្តនៅពេលដែលបានឃើញ ដំណើរវិវឌ្ឍន៍នៃជោគវាសនារួមគ្នារវាងកម្ពុជា-ចិន បាននិងកំពុងបន្តជំរុញ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និងវិស័យផ្សេងៗទៀត រវាងប្រទេសកម្ពុជា និងចិន ម្យ៉ាងវិញទៀតកំណើននៃការសិក្សាភាសាចិន ក៏កើនឡើងជាបន្តបន្ទាប់ដែរ រីឯកំណើននិស្សិតអាហារូបករណ៍រដ្ឋាភិបាលចិន ក៏កើនឡើងឥតឈប់ឈរ ដែលមានចំនួនសរុបលើសពី៣,០០០នាក់»។

លោកបានបន្ដថា ប្រធានបទនៃការប្រកួត «ស្ពានភាសាចិន» ឆ្នាំនេះគឺ «ក្រោមមេឃ គ្រួសារតែមួយ» ដែលសមស្របទៅនឹងស្ថានភាពបច្ចុប្បន្ន ក្នុងការប្រឈមមុខនឹងកូវីដ១៩ ដោយរដ្ឋាភិបាល និងប្រជាជននៃប្រទេសកម្ពុជា-ចិន បានរួមសុខ រួមទុក្ខជាមួយគ្នា បានធ្វើជាគំរូដ៏ល្អ សម្រាប់សង្គមអន្តរជាតិ ព្រមទាំងបានឆ្លុះបញ្ចាំងឱ្យឃើញពីអត្ថន័យស្នូលនៃ «ក្រោមមេឃ គ្រួសារតែមួយ»។

ក្នុងនោះលោកទាំងពីរបានគូសបញ្ជាក់ ពីសារៈសំខាន់នៃ «ស្ពានភាសាចិន» ដែលជាវេទិកាមួយ សម្រាប់អ្នកសិក្សាភាសាចិន មិនត្រឹមតែបង្ហាញពី សមត្ថភាពភាសាចិន និងទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ថែមទាំងអាចស្វែងយល់ពីវប្បធម៌ចិនកាន់តែស៊ីជម្រៅ ហើយក៏ជា «ស្ពាន» ផ្សារភ្ជាប់ទំនាក់ទំនងរវាងមិត្តភាពកម្ពុជា-ចិនផងដែរ។

សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រលើកនេះ ប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ ដែលមានបេក្ខភាពចំនួន១៣រូបចូលរួមប្រកួត។ ឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ និងក្រោយពីការជ្រើសរើស វាយតម្លៃយ៉ាងហ្មត់ចត់ និងយុត្តិធម៌របស់គណៈមេប្រយោគ យើងបានសម្រិតសម្រាំងយកបេក្ខជនជ័យលាភីលេខ១ ចំនួន១នាក់, ជ័យលាភីលេខ២ ចំនួន២នាក់, ជ័យលាភីលេខ៣ ចំនួន៣នាក់ រួមមាន៖
* ឈ្មោះ រ័ត្ន ម៉ីជីង ជាប់ចំណាត់ថ្នាក់លេខ១
* ឈ្មោះ តែ សុខលី ជាប់ចំណាត់ថ្នាក់លេខ២
* ឈ្មោះ លី សៀវហុង ជាប់ចំណាត់ថ្នាក់លេខ២
* ឈ្មោះ ណូន និមល ជាប់ចំណាត់ថ្នាក់លេខ៣
*ឈ្មោះ ថាវ គិមហៀង ជាប់ចំណាត់ថ្នាក់លេខ៣
* ឈ្មោះ ថាំង ជាលី ជាប់ចំណាត់ថ្នាក់លេខ៣។

នារសៀលថ្ងៃដដែល វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធីចែករង្វាន់ និងបណ្ណសរសើរជូនបេក្ខជន ដែលទទួលបានជ័យលាភី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធី «ស្ពានភាសាចិន» ក្រោមការចូលរួមដដែលពីលោកបណ្ឌិត យង់ ពៅ, កញ្ញា វុធ សុភ័ក្រណា នាយិកាភាគីកម្ពុជា និងលោក ឆាយ ឃឹឈីង នាយកភាគីចិនរបស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ហើយក៏មានការចូលរួមពីភ្ញៀវកិត្តិយសភាគីចិនគឺ លោក Zhang Hongbo អគ្គនាយកក្រុមហ៊ុន CCFED និងលោក Wang Huabin ប្រធានធនាគារចិន(ហុងកុង)សាខាភ្នំពេញ។

រង្វាន់សម្រាប់ផ្តល់ជូនបេក្ខជនទាំង១៣នាក់រួមមាន៖
* រង្វាន់លើកទឹកចិត្ត៖ ទូរស័ព្ទHuawei Y9 (ជើងទម្រទូរស័ព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរស័ព្ទ ម៉ាកកុងហ៊្វូឡុង)។
* រង្វាន់ប្រជាប្រិយភាព៖ ទូរស័ព្ទHuawei Y6P, (ជើងទម្រទូរស័ព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរស័ព្ទ ម៉ាកកុងហ៊្វូឡុង)។
*រង្វាន់ទេពកោសល្យសិល្បៈ៖ ទូរស័ព្ទHuawei Y6P, (ជើងទម្រទូរស័ព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរស័ព្ទ ម៉ាកកុងហ៊្វូឡុង)។
* រង្វាន់ជ័យលាភីលេខ៣៖ ទូរស័ព្ទHuawei Y8P(ជើងទម្រទូរស័ព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរស័ព្ទ ម៉ាកកុងហ៊្វូឡុង)។
* រង្វាន់ជ័យលាភីលេខ២៖ ទូរស័ព្ទHuawei Nova 7i (ជើងទម្រទូរស័ព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរស័ព្ទ ម៉ាកកុងហ៊្វូឡុង)។
* រង្វាន់ជ័យលាភីលេខ១៖ ទូរស័ព្ទHuawei P40 (ជើងទម្រទូរស័ព្ទ ចំនួន២+ឧបករណ៍បំពងសំឡេងBluetooth+ដុំសាកទូរស័ព្ទ ម៉ាកកុងហ៊្វូឡុង)៕