(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការការិយាល័យច្រកចេញចូលតែមួយ និង ការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមរបាយការណ៍ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានលើកគម្រោងរៀបចំដំណើរការការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកចំនួន២ គឺនៅស្រុកប្រាសាទបាគង ដែលទើបទទួលបានការសម្ពោធដាក់ឲ្យប្រើប្រាស់នាថ្មីៗកន្លងមកនេះ និងស្រុកបន្ទាយស្រី។ ដូចនេះមកទល់ពេលនេះក្រុងស្រុកចំនួន៧ រួមមានក្រុងសៀមរាប ស្រុកពួក ស្រុកក្រឡាញ់ ស្រុកសូទ្រនិគម ស្រុកជីក្រែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី។ ដោយឡែកចំពោះ ស្រុកនៅសល់ចំនួន ៥ទៀត បានដំណើរការតាមយន្តការច្រកចេញចូលតែមួយ ហើយរដ្ឋបាលខេត្ត បានគ្រោងដំណើរការសាងសង់អគារនាពេលឆាប់ៗខាងមុខនេះ។

ឆ្លៀតក្នុងឱកាសនេះ លោក ទៀ សីហា បានណែនាំ និងផ្តល់អនុសាសន៍ ដូចខាងក្រោម៖

*ទី១៖ ពង្រឹងការផ្តល់តាមច្រកចេញចូលតែមួយ លុបបំបាត់ការរត់ការ ដើម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានសេវាឆាប់រហ័ស មានប្រសិទ្ធភាព តម្លាភាព។
*ទី២៖ បន្តយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងជំងឺកូវីដ ដោយអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល។
*ទី៣៖ ជំរុញសក្តានុពលរបស់ស្រុកក្នុងការទាក់ទាញទេសចរណ៍ជាពិសេសកសិទេសចរណ៍ ដែលរដ្ឋបាលស្រុកបានកំពុងយកចិត្តទុកដាក់កន្លងមក។
*ទី៤៖ ក្រុមប្រឹក្សាឃុំត្រូវយកចិត្តទុកដាក់លើការងារវាយតម្លៃគ្រួសារក្រីក្រ ដោយធានាបាននូវតម្លាភាព៕