(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តបើកប្រាក់ឧបត្ថម្ភលើកទី៨ ជូនកម្មករ និយោជិតបម្រើការងារក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ប្រមាណ៧,០២៨នាក់ មកពីសហគ្រាសចំនួន៤៤ ដែលត្រូវបានព្យួរការងារ។

បើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះថា បានឱ្យដឹងថា ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យូរកិច្ចសន្យាការងារក្នុងនោះរួមមាន៖

* ៦០,៧៥០រៀល (១៥ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់១០ថ្ងៃ
*១២១,៥០០រៀល (៣០ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១១ថ្ងៃ ដល់២០ថ្ងៃ
*១៦២,០០០រៀល (៨០ដុល្លារ) សម្រាប់ការព្យួរកិច្ចសន្យាការងារយៈពេលយប់ពី ២១ថ្ងៃ ដល់១ខែ។

ក្នុងសេចក្ក្តីជូនដំណឹងដដែល បានបន្តថា ដើម្បីចៀសវាងការលំបាកក្នុងការបង្វិលថវិកាសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការមុនការកំណត់នៃរយៈពេលព្យួរកិច្ចសន្យាការងារ ប្រាក់ឧបត្ថម្ភនឹងត្រូវចែកចេញជា២ដង សម្រាប់បងប្អូនដែល ព្យួរកិច្ចសន្យាការងារចាប់ ២១ថ្ងៃ ដល់ ១ខែ និងត្រូវបែងចែកជា៨ដង សម្រាប់បងប្អូនដែលព្យួរក៏សន្យា ការងាររយៈពេល ២ខែ ដោយក្នុង ១ដង ស្មើនឹងថវិកាចំនួន ៨១,០០០រៀល (២០ដុល្លារ)។

ក្រសួងសូមរំឮកថា ធនាគារឯកទេសវីង និងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរស័ព្ទពីធនាគារឯកទេសវីង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរស័ព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា បងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖