(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ក្រោមប្រធានបទ «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ អំឡុងពេលជំងឺកូវីដ១៩»។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

តាមរយៈសន្និសីទសារព័ត៌មាននេះ លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងមន្ដ្រីជំនាញពាក់ព័ន្ធ បង្ហាញនូវនីតិវិធីផ្សេងៗ ធ្វើយ៉ាងណាដើម្បីបង្កលក្ខណៈងាយស្រួលដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។

លោក សំហេង បុរស បានអះអាងថា ជំហ៊ានដំបូង នៃការស្រាវជ្រាវនេះរកឃើញប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងរងផលប៉ះពាល់ខ្លាំង មានចំនួនប្រមាណ ៥៦២,៦៨៦ គ្រួសារ ដោយគិតជាចំនួនមនុស្សមានប្រមាណ ជិត២លាន ៣សែននាក់ ហើយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ក៏មានថ្ងៃដំបូងការបើកប្រាក់នេះផងដែរ។

បើតាមមន្ដ្រីជាន់ខ្ពស់ក្រសួងសង្គមកិច្ចរូបនេះ រាជរដ្ឋាភិបាលសូមធានាថា ការផ្ដល់សាច់ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវធ្វើឡើងប្រកបដោយតម្លាភាព មិនមានការបាត់បង់សាច់ប្រាក់របស់អ្នកទទួលផលនោះទេ ពោលសេវាផ្សេងៗ គឺរដ្ឋជាអ្នកទទួលបន្ទុករ៉ាប់រង ដែលប្រជាពលរដ្ឋមានឈ្មោះសម្រាប់បើកប្រាក់ អាចទៅបើកបាននៅតាមភ្នាក់ងារវីង។

លោកបន្ថែមទៀតថា សម្រាប់ការបើកសាច់ប្រាក់នោះទៀតសោត ធ្វើឡើងរយៈពេល៣០ថ្ងៃម្ដង ពោលខែមុនបើកថ្ងៃនេះ ខែក្រោយត្រូវបើកថ្ងៃនោះដូចគ្នា៕

សូមទស្សនាវីដេអូទាំងស្រុង នៃការពន្យល់របស់លោក សំហេង បុរស និងមន្ដ្រីជំនាញ ពាក់ព័ន្ធដំណើរការបើកសាច់ប្រាក់នេះ៖