(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានបង្ហាញពីរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំពិភាក្សាការងារគ្រប់គ្រង ប្រព័ន្ធបញ្ជូនអ្នកជំងឺ និងការឆ្លើយតបសង្គ្រោះបន្ទាន់ផ្នែកសុខាភិបាលជាប់ព្រំដែន ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ដែលបានរៀបចំឡើងនៅស្រុកកាប់ជើង ខេត្តសុរិន្ទ ប្រទេសថៃ។

នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលភ្នាក់ងារ Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំនេះភាគីកម្ពុជាដឹកនាំប្រតិភូដោយលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ ជាមួយភាគីថៃ ដឹកនាំដោយលោក ក្រៃសន កងឆ្លាត អភិបាលខេត្តសុរិន្ទ។

នៅក្នុងលិខិតនេះ បានឱ្យដឹងទៀតថា កិច្ចប្រជុំនេះបានឯកភាពគ្នា សហការ និងសម្របសម្រួលដល់អ្នកជំងឺសង្គ្រោះបន្ទាន់ស្របតាមគោលការណ៍កំណត់របស់រដ្ឋបាលថៃ ក្នុងនោះដែរអង្គប្រជុំ ក៏បានព្រមព្រៀងគ្នាលើកចំណុចមួយចំនួនដូចជា៖

*ទី១៖ បន្តរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងដែន
*ទី២៖ បន្តពង្រឹង និងសហការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងស្វែងរកមេក្លោងទាំងខាងខ្មែរ និងខាងថៃ
*ទី៣៖ បន្តអនុញ្ញាតឱ្យឆ្លងកាត់ចេញចូល រាល់ទំនិញដែលមានលក្ខណពាណិជ្ជកម្មដូចបានឯកភាពគ្នាកន្លងមក
*ទី៤៖ បន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនៃខេត្តទាំង២ (ខេត្តឧត្ដរមានជ័យ ប្រទេសកម្ពុជា និងខេត្តសុរិន្ទ ប្រទេសថៃ)
*ទី៥៖ ឯកភាពពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ស្របតាមអនុស្សរណៈយោគយល់គ្នា ដោយនឹងកំណត់របៀបវារៈជាក់លាក់ ដើម្បីរៀបចំកិច្ចប្រជុំនាពេលខាងមុខ៕