(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានក្រើនរំលឹកមន្រ្តីពាក់ព័ន្ធ ឲ្យអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ឲ្យមានតម្លាភាព និងសុក្រិតភាព ដើម្បីជួយប្រជាពលរដ្ឋឲ្យចំគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចនាពេលនេះ បានធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីនីតិវិធីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំលុងពេលប្រយុទ្ធ នឹងជំងឺកូវីដ១៩ រៀបចំធ្វើនាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

បន្ថែមពីលើនេះ លោក វង សូត ក៏បានជំរុញដល់មន្រ្តីក្រសួងពាក់ព័ន្ធទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត ចំពោះសុខទុក្ខ និងតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ដោយសារកូវីដ១៩ ពិសេសត្រូវចុះដល់ខ្នងផ្ទះនិងសិក្សាថា តើគ្រួសារណាខ្លះដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះពិតប្រាកដ ដើម្បីក្រុមការងារជួយពួកគាត់បានទាន់វេលា និងចំគោលដៅផងដែរ។

ជាមួយគ្នានោះ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល ក៏ត្រូវប្រឹងប្រែង រកការងារធ្វើបន្ថែមផងដែរ លើកលែងតែកុមារ និងមនុស្សចាស់ប៉ុណ្ណោះ ដើម្បីរកចំណូលបន្ថែមទៀត ជួយដល់គ្រួសារ ក្រៅតែពីការទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ ដែលថវិកានេះ ត្រូវបានបែងចែង និងផ្តល់ដូចតទៅ៖

* ទី១៖ តំបន់ទីប្រជុំជនក្នុងរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៥២០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម៤ ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* «សម្រាប់បណ្ណ ក្រ-២»៖ ក្នុង១គ្រួសារ ទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៣៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍។

* ទី២៖ តំបន់ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញ

* «សម្រាប់បណ្ណ ក្រ-១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម ៤ម៉ឺនរៀល)សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ៤ម៉ឺនរៀល ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ១២ ម៉ឺនរៀល បូកបន្ថែម២៨ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៨ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុងគ្រួសារ ដែលជាកុមារអាយុក្រោម ៥ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

* ទី៣៖ តំបន់ជនបទ

* «សម្រាប់បណ្ណ ក្រ១» ៖ ក្នុង ១គ្រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ២៤ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម ២៤ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និង អ្នកផ្ទុកមេរោគអេដស៍ ។

* «សម្រាប់បណ្ណ ក្រ-២» ៖ ក្នុង ១រួសារទទួលបានប្រាក់ចំនួន ៨ ម៉ឺនរៀល បូកបន្ថែម ១៦ ០០០៛ សម្រាប់សមាជិកគ្រួសារម្នាក់ៗ ហើយបូកបន្ថែម១៦ ០០០៛ ម្នាក់ទៀត សម្រាប់សមាជិកនៅក្នុង គ្រួសារ ដែលជាកុមារអាយុក្រោម ៥ ឆ្នាំ, ជនមានពិការភាព, ជនចាស់ជរាអាយុចាប់ពី ៦០ឆ្នាំ ឡើង និងអ្នកផ្ទុកមេរោគអេដស៍៕