(ឧត្តរមានជ័យ)៖ ប៉មចម្រោះទឹកស្អាត អាឃ្វរ័ ធាវវើ (Aqua Tower) និងឧបករណ៍សម្អាតបន្ទប់ទឹក ដែលជាអំណោយរបស់ក្រុមហ៊ុនកូកាកូឡាមានតម្លៃ១៧០០០ដុល្លារ ផ្តល់ជូនវិទ្យាល័យ តេជោសែនសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ហើយ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ប្រធានមន្ទីរ អង្គភាព មន្ត្រីរាជការ លោកគ្រូ អ្នគ្រូជាច្រើនរូបទៀត។

លោក ប៉ែន កុសល្យ បានថ្លែងថា ក្នុងនាមអាជ្ញាធរដែនដី មន្ត្រីរាជការក្នុងខេត្ត ក៏ដូចជាបុគ្គលិអប់រំគ្រប់ផ្នែក លោកសូមថ្លែងអំណរគុណដល់ប្រធានក្រុមហ៊ុនកូកាកូឡា និងសហការី ដែលបានឧបត្ថម្ភប៉មចម្រោះទឹកស្អាត និងឧបករណ៍សម្អាតបន្ទប់ទឹក ដែលមានសារសំខាន់សម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លោកថា នេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ វិសយ័អប់រំ ជាពិសេសបានចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលសកលលោកកំពុងតែព្រួយបារម្ភ។

លោកអភិបាលខេត្ត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព សេរីភាព និងវឌ្ឍនភាពគ្រប់វិស័យ ពិសេសគឺវិស័យអប់រំ ដោយបានបង្ខិតសាលារៀនឲ្យនៅជិតលំនៅដ្ឋានប្រជាពលរដ្ឋ និងឃុំមួយត្រូវមានវិទ្យាល័យមួយ ដូចនេះទីណាមានប្រជពលរដ្ ទីនោះត្រូវតែមានសាលារៀន»។

ជាមួយគ្នានោះដែរ លោក ប៉ែន កុសល្យ បានសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ពេលឃើញប៉មចម្រោះទឹកស្អាត ត្រូវនឹកឃើញដល់ម្ចាស់ឧបត្ថម្ភនោះ គឺក្រុមហ៊ុនកូកាកូឡា ត្រូវចូលរួមថែរក្សាប៉មចម្រោះទឹកស្អាតឲ្យបានគ្រប់គ្នា ប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ត្រូវសម្អាតអនាម័យខ្លួនប្រាណ ដើម្បីចៀសផុតពីជំងឺផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ ត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕