(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានជំរុញឱ្យមន្ត្រីដែលពាក់ព័ន្ធត្រូវដោះស្រាយទំនាស់នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលាស្របតាមសំណូមពរ និងពាក្យបណ្តឹងរបស់បងប្អូនប្រជាពលរដ្ឋ។

ការជំរុញបែបនេះ របស់លោក ម៉ែន វិបុល បានធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្វាយរៀង ដែលបានសហការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា ការរក្សាបាននូវ សន្ដិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់ មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ឱ្យយបន្តយកចិត្តទុកដាក់នូវកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម៖

*ទី១៖ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឱ្យបានល្អប្រសើរ។
*ទី២៖ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នចំពោះបាតុភូតខ្យល់កន្ត្រាក់ ផ្គរ រន្ទះ នារដូវវស្សាឆ្នាំនេះ និងចុះជួយអន្តរាគមន៍ ឱ្យបានទាន់ពេលវេលា។
*ទី៣៖ ត្រូវផ្សព្វផ្សាយលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តស្តីពី ការប្រមូលពន្ធទៅដល់មូលដ្ឋានរបស់ខ្លួន។
*ទី៤៖ ត្រូវវមានវិធានការពង្រឹងឱ្យបានម៉ឺងម៉ាត់ក្នុងការគ្រប់គ្រង និងថែរក្សាការពារដីរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។
*ទី៥៖ ត្រូវទប់ស្កាត់ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាត និងការសង់តូបលក់ដូរនានា ដែលរំលោភមកលើដីចំណីផ្លូវសាធារណៈ។
*ទី៦៖ មន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធនៅតាមបណ្តាក្រុង-ស្រុកត្រូវធ្វេីយុទ្ធនាការផ្សព្វផ្សាយអំពីការបង្ការជំងឺគ្រុនឈាម និងបន្តយុទ្ធនាការគំលាតសង្គមទៅលេីប្រជាពលរដ្ឋដែលចំណាកស្រុកមកពីក្រៅប្រទេសដោយធ្វេីចត្តាឡីស័ក រយៈពេល១៤ថ្ងៃ។
*ទី៧៖ បន្តពង្រឹងការនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ស្របទៅតាមច្បាប់កំណត់៕