(បន្ទាយមានជ័យ)៖ គ្រួសារក្រីក្រដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន ៦៣គ្រួសារ មកពី៨ឃុំ ក្នុងស្រុកស្វាយចេក ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ដើម្បីជួយដោះស្រាយបញ្ហាប្រចាំថ្ងៃ។

ពិធីចែកអំណោយនេះ ធ្វើឡើងក្រោមអធិបតីភាពលោក លី សារី អនុប្រធានអចិន្ត្រៃសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាលោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្ត ដែលមានការអញ្ជើញចូលរួមជាកិត្តិយស លោកស្រី នួម សោភ័ណ្ឌ អនុប្រធានកត្តិយសគណកម្មាធិការសាខា, លោក សួន សុធី អនុគណកម្មាធិការសាខា, លោក លោកស្រី អង្គភាពពាក់ព័ន្ធ លោក លឿង សុភក្តិ អភិបាលស្រុកស្វាយចេក ប្រធានក្រុមប្រឹក្សាស្រុក ប្រជាពលរដ្ឋទទួលអំណោយបានចូលរួម ធ្វើនៅបរិវេណសាលាស្រុកស្វាយចេកនារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។

លោក លឿង សុភក្តិ បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលតែងតែចុះជួយដោះស្រាយរាល់បញ្ហាលំបាករបស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានទាន់ពេលវេលា ជាក់ស្តែងពលរដ្ឋទាំង៥១គ្រួសារនេះ មានជីវភាពខ្វះខាតជាខ្លាំង។

ពិសេសលោកអភិបាលស្រុក ក៏បានថ្លែងអំណរគុណដល់សម្តេចទាំង២ ដែលជានិច្ចកាលតែងតែចាត់ក្រុមការងារចុះជួយពលរដ្ឋដល់មូលដ្ឋានពិសេសថ្នាក់ដឹកនាំខេត្ត ក្រុមការងារតែងតែចុះជួយ ដល់ពលរដ្ឋមានជីវភាពខ្វះខាត់បានទាន់ពេលវេលា។

លោក លី សារី បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងជាអ្នកមគ្គុទេសក៍ដ៏ឆ្នើមដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន តែងមានចិត្តសណ្តោះប្រណីជួយដល់ប្រពលរដ្ឋក្រីក្រ ជួបការលំបាក់គ្រប់ពេលវេលាគ្រប់ទីកន្លែងទោះនៅទីទីណាកន្លែងណាមានទុក្ខលំបាកតែងមានកាកបាទក្រហមនៅទីនោះ ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋដោយមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសាអត់អាហារនោះទេ។

មួយវិញទៀត លោក លី សារី ជួសមុខឱ្យលោក អ៊ុ រាត្រី ជាប្រធានគណៈកម្មាធិការសាខាខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសប្បុរសជនដែលបានចំណាយ ធនធានបរិច្ចាគជាថវិកា សម្ភារជូនដល់កាកបាទក្រហមកម្ពុជា ក្នុងការជួយដោះស្រាយបញ្ហាលំបាកដល់ប្រជាពលរដ្ឋ។

លោក លី សារី ក៏បានអំពាវនាវដល់បងប្អូនពលរដ្ឋសូមចូលរួមថែរក្សាសុខភាពឱ្យបានល្អចៀសផុសពីការចម្លងមេរោគ ឬជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានការអនាម័យ ជាប់ជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ។ លោកក៏សំណូមពរបន្ថែមដល់បងប្អូនពលរដ្ឋនៅតាមមូលដ្ឋាន សូមចូលរួមអនុវត្តគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យបានល្អទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ដែលតែងតែកើតមាន។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនប្រជាពលរដ្ឋទាំង៦៣គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ចំនួន ២៥គីឡូក្រាម, ទឹកត្រី ចំនួន ០៣ដប, ប្រេងឆា ចំនួន ០១ដប, ត្រីខ ចំនួន ០១យួរ, អាយឺត ចំនួន ០២អាវ, សាប៊ូចំនួន ០១កញ្ចប់តូច ននិងថវិកាមួយចំនួន៕